Van Dijk ត្រៀម​ចូល​លេង​ជា​លើកដំបូង ពេល Liverpool ប៉ះ Everton ក្នុង FA Cup

Virgil van Dijk ដែលជា​ខ្សែការពារ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក អាច​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់គេ​សម្រាប់​ក្រុម Liverpool នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Everton នា​កីឡដ្ឋាន Anfield ក្នុងការ​ប្រកួត​ពាន FA Cup ជុំ​ទី៣ នៅ​រាត្រី​ថ្ងៃស្អែក​នេះ។

ខ្សែការពារ​កណ្តាល​រូបនេះ មាន​សិទ្ធិ​ចូល​លេង​បាន​ហើយ ក្រោយពី​ការចុះឈ្មោះ​របស់គេ​ត្រូវបាន​បំពេញ​ជា​ផ្លូវការ បន្ទាប់ពី​ការផ្ទេរ​របស់គេ​ក្នុងតម្លៃ​ខ្លួន75លាន​ផោន (ស្មើនឹង102លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Southampton។ លោក Juergen Klopp ដែលជា​អ្នកចាត់ការ​ទូទៅ មិនទាន់​បញ្ជាក់ថា លោក​មានបំណង​ក្នុងការ​ដាក់​ឲ្យ​ខ្សែការពារ​អន្តរជាតិ​ហូ​ឡង់​រូបនេះ ចូល​លេងភ្លាមៗនៅឡើយ​ទេ ជាពិសេស ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​បែបនេះ ប៉ុន្តែ Van Dijk អាច​នឹង​បង្ហាញខ្លួន​យ៉ាងហោចណាស់​ស្ថិតក្នុង​នាម​ជា​កីឡាករ​បម្រុង​ដែរ។

ការត្រៀម​លក្ខណៈ​ក្នុង​ក្រុម​របស់លោក Klopp ហាក់​កំពុង​តែមាន​ភាពស្មុគស្មាញ ដោយសារតែ​បណ្តាញសារព័ត៌មាន​ចក្រភព​អង់គ្លេស​ជាច្រើន​បានចេញ​ផ្សាយ​ថា ក្លិប Barcelona នឹងដាក់​ការដេញថ្លៃ​មួយ​សម្រាប់​ខ្សែបម្រើ​ស្លាប​ដ៏​ឆ្នើម Philippe Coutinho។ ស្របពេល​ជាមួយគ្នានេះ Mohamed Salah និង Sadio Mane ក៏​ប្រហែលជា​មិនអាច​ចូល​លេង​បាន​ផងដែរ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​លោក Klopp គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទ្វីបអាហ្វ្រិក​នៅ​ប្រទេស​ហ្គា​ណា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

ប្រភពពី៖ Channel News Asia

Advertisement