លោក Guardiola សរសើរ​ទម្រង់​លេង​របស់ Man City ក្រោយ​លត់ Arsenal ចាស់ដៃ

លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester City បាន​កោតសរសើរ​ចំពោះ​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ក្រុម​លោក ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Arsenal យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 3-1 កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្កើន​ការនាំ​មុខ​របស់​ពួកគេ​រហូតដល់​ទៅ8ពិន្ទុ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League។

Man City បាន​កត់ត្រា​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក 9លើកជាប់ៗគ្នា ដែលជា​កំណត់ត្រា​មួយ​សម្រាប់​រដូវ​កាល​តែមួយ ខណៈដែល​ពួកគេ​ក៏បាន​ឈានទៅ​ប្រកួត​ក្នុង​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League និង​ឈានទៅ​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន Carabao Cup ផងដែរ។ លោក Guardiola បាន​បញ្ជាក់ថា៖ «យើង​មិនអាច​បដិសេធ​បានឡើយ​ថា រយៈពេល2ខែ​ចុង​ក្រោយនេះ ពិតជា​អស្ចារ្យ​ណាស់។ យើង​បានដឹង​ពី​សារៈសំខាន់​នៃ​ការប្រកួត​នេះ ហើយ​យើង​បាន​ត្រៀមលក្ខណៈ​យ៉ាង​ល្អ។ កីឡាករ​ទាំងអស់​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​អស្ចារ្យ»។

ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Kevin de Bruyne និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Sergio Aguero បាន​ជួយ​ឲ្យ​ក្រុម Man City គ្រប់គ្រង​ទាំងស្រុង ហើយ​បើទោះបី​ខ្សែប្រយុទ្ធ​បម្រុង Alexandre Lacazette បាន​វាយបក1គ្រាប់​វិញ​សម្រាប់​ក្រុម Arsenal ក៏ដោយ ប៉ុន្តែ Gabriel Jesus បាន​បំពេញ​ជ័យជម្នះ​របស់​ក្រុម​ខ្លួន​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ។ Arsenal បាន​សម្តែង​នូវ​ការតវ៉ា​យ៉ាងខ្លាំង​ចំពោះ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ហើយ​ទាំង Jesus និង David Silva ហាក់​បាន​ស្ថិតក្នុង​ជំហរ Offside ក្នុងពេល​រក​គ្រាប់​បាល់​ទី3 ប៉ុន្តែ ក្រុម​ភ្ញៀវ ក៏​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ល្អ​ឡើយ។ លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បាន​ឲ្យ​ដឹងថា៖ «វា​ពិតជា​មិន​សំណាង​ឡើយ​ដែល​ការប្រកួត​នេះ​បានបញ្ចប់​បែបនេះ។ អ្នក​អាច​ទទួលយកបាន​ប្រសិនបើ Man City ឈ្នះ​ដោយ​ភាពត្រឹមត្រូវ ប៉ុន្តែ នេះ​គឺជា​រឿង​មិនអាច​ទទួលយក​បានឡើយ»៕

ប្រភពពី៖ BBC

Advertisement