Monaco ជឿជាក់ខ្ពស់ មុនពេលប៉ះ Juventusនៅរាត្រីនេះ

លោក Leonardo Jardimដែលជាគ្រូបង្វឹក កំពុងតែលើកទឹកចិត្តឲ្យក្រុម Monaco មានការជឿជាក់ នៅមុនពេលពួកគេត្រូវប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងទីក្រុង Turin ជាកន្លែងដែលពួកគេត្រូវប៉ះជាមួយនឹងក្រុមសេះបង្កង់ Juventus។

បើទោះបីជាដេញតាមពីក្រោយក្នុងលទ្ធផល ២-០ ពីការប្រកួតជើងទី១កាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែ ក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Ligue 1 មួយនេះ នៅតែមានការជឿជាក់ ខណៈដែលពួកគេកំពុងតែផ្តោតទៅលើការប្រកួតរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៅរាត្រីនេះ។ លោក Jardimគ្រូបង្វឹករបស់ Monaco បានឲ្យដឹងថា៖ «យើងត្រូវតែរក្សានូវការជឿជាក់ ត្រូវខិតខំលេងក្នុងការប្រកួតរបស់យើង និងបង្ហាញទម្រង់លេងឲ្យបានល្អ។ ប្រសិនបើយើងអាចរកគ្រាប់បាល់បញ្ចូលទីក្នុងពេលចាប់ផ្តើមប្រកួត អ្វីៗអាចនឹងមានការផ្លាស់ប្តូរ»។ គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «យើងនឹងត្រូវតែវាយសម្រុកជាមួយនឹងស្មារតីដោយគ្មានសម្ពាធ។ ក្នុងជើងទី១ យើងមានចំនួននៃការស៊ុតបាល់សំដៅទីដូចក្រុម Juventusដែរ ប៉ុន្តែ ពួកគេមានភាពមុតស្រួចជាង។ ពិតណាស់ ពួកគេមានភាពចាស់ទុំជាងយើង ហើយយើងបានទទួលបរាជ័យ ដោយសារតែយើងមិនទទួលបានប្រយោជន៍ពីឱកាសក្នុងការស៊ុតបញ្ចូលទីរបស់យើង»។

លោក Jardimបានបន្ថែមទៀតថា៖ «យើងត្រូវតែរក្សាការធ្វើឲ្យមានក្តីសង្ឃឹម ហើយគោលបំណងរបស់យើងគឺការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំពិតជាមានមោទនភាពចំពោះកីឡាកររបស់ខ្ញុំ និងអ្វីដែលពួកគេបានធ្វើនៅពេលនេះខ្លាំងណាស់ ទោះបីជាលទ្ធផលនៅយប់ថ្ងៃអង្គារនេះចេញមកបែបណាក៏ដោយ»។ ក្រុម Juventusបានបង្ហាញពីភាពរឹងមាំក្នុងតំបន់ការពារដ៏គួរឲ្យកត់សម្គាល់ ខណៈដែលពួកគេបានធ្វើការរាំងខ្ទប់ទាំងស្រុងទៅលើតំបន់ប្រយុទ្ធរបស់ Monaco ពិសេសពួកគេបានទម្លាក់ក្រុម Barcelona កាលពីជុំមុនរួចស្រេចទៅហើយ តាមរយៈការមិនបណ្តោយឲ្យ Lionel Messiនិងមិត្តរួមក្រុមរបស់គេ រកគ្រាប់បាល់បញ្ចូលទីបានសូម្បីតែមួយគ្រាប់។ Juventusបានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីចំនួន២គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត៥លើកក្នុងចំណោមការប្រកួត១៥លើកចុងក្រោយក្នុងយុទ្ធនាការនេះ។ ក្រុមសេះបង្កង់មួយនេះ ក៏មិនទាន់ស្គាល់ចាញ់ផងដែរក្នុងការប្រកួតលើទឹកដីខ្លួនឯងក្នុងរយៈពេល ២០ខែកន្លងមកនេះ ខណៈដែលពួកគេរបូតគ្រាប់បាល់ត្រឹមតែ២គ្រាប់គត់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ចំនួន១១លើក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺយប់នេះ៕

ប្រភពពី៖ The Guardian

Advertisement