Mata សង្ឃឹមថា Man Utd អាច​ស្តារ​មុខមាត់​ឡើងវិញ​ពេល​ប៉ះ Burnley រាត្រី​នេះ

ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Juan Mata របស់​ក្លិប Manchester United បាន​បញ្ជាក់ថា មិត្ត​រួម​ក្រុម​របស់គេ ពិតជា​ខឹង​យ៉ាងខ្លាំង ក្រោយពី​បាន​បាត់បង់2ពិន្ទុ​នៅលើ​ទឹកដី​ក្រុម Leicester City ប៉ុន្តែ រូបគេ​សង្ឃឹមថា ពួកគេ​អាច​ស្តារ​មុខមាត់​ឡើងវិញ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Burnley នៅ​រាត្រី​នេះ។

ក្រុម​របស់លោក Jose Mourinho បាន​ជួប​ភាពអាម៉ាស​ដោយសារតែ​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​ក្រុម​នៅសល់​សមាជិក​ត្រឹមតែ10នាក់ Leicester ក្នុងពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ដែល​បានធ្វើ​ឲ្យ​ក្រុម Man Utd ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City រហូតដល់​ទៅ13ពិន្ទុ​នៅ​ពាក់​កណ្តាលផ្លូវ​នៃ​រដូវ​កាល​នេះ។ លោក Mourinho បាន​សម្តែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​ការ​ខ្ជះខ្ជាយឱកាសល្អៗជាច្រើន និង​ការធ្វើ​ឲ្យ​មាន​កំហុស​ដ៏​គួរ​ឲ្យ​ចង់​សើច​ជាច្រើន​ពី​កីឡាករ​របស់លោក ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​កាលពី​ថ្ងៃ​សៅរ៍។ ប៉ុន្តែ  Mata ដែល​បាន​រក​គ្រាប់​បាល់​ទាំង 2គ្រាប់​សម្រាប់​ក្រុម Man United ក្នុងការ​បំពេញ​តួនាទី​យ៉ាង​ល្អ​របស់គេ​នោះ សង្ឃឹមថា ក្រុម​របស់គេ​នឹង​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការខកចិត្ត​ដោយសារតែ​ការប្រកួត​នៅ​កីឡដ្ឋាន King Power។

Mata បាន​ឲ្យ​ដឹងថា៖ «អ្នក​ត្រូវតែ​រក្សា​ការ​ឆ្ពោះទៅមុខ​ជានិច្ច។ វា​ជា​ពេលវេលា​នៃ​បុណ្យ​ណូអែល អ្នក​ត្រូវ​លេង​ការប្រកួត2 ឬ3ថ្ងៃ​ម្តង។ បច្ចុប្បន្ន យើង​មាន​អារម្មណ៍​ខកចិត្ត និង​មាន​កំហឹង ប៉ុន្តែ យើង​ត្រូវតែ​រក្សា​ការ​ឆ្ពោះទៅមុខ ហើយ​ចាប់ពី​ថ្ងៃស្អែក​នេះ យើង​ត្រូវ​សម្រាក និង​គិត​អំពី​ការប្រកួត​បន្ទាប់ និង​មាន​សុច្ឆន្ទៈ​ក្នុងការ​បញ្ចប់​ការប្រកួត​បន្ទាប់​ជាមួយនឹង​អារម្មណ៍​ដ៏​ល្អប្រសើរ»។ ក្រុម Burnley បាន​រង​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 3-០ នៅលើ​ទឹកដី​ខ្លួនឯង ក្រោម​ស្នាដៃ​ក្រុម Tottenham កាលពី​ថ្ងៃ​សៅរ៍។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

ប្រភពពី៖ Sport24

Advertisement