Piers Morgan ថា «Man United ទទួលផលកម្មព្រោះតែធ្វើអាក្រក់ដាក់ Ronaldo»

គ្រូបង្វឹក Ten Hag (ឆ្វេង), Ronaldo និង Morgan

Piers Morgan ដែល​ជា​អ្នកធ្វើ​បទ​សម្ភាស​ជាមួយ Cristiano Ronaldo នាំឱ្យ CR7 ត្រូវ​ក្លឹប​បញ្ចប់​កិច្ចសន្យា​នាពេល​កន្លង បង្ហាញ​ពី​ការសប្បាយ​ចិត្ត​នៅពេល Manchester United ចាញ់ Liverpool 0-7 នៅ​លិ​គ​កំពូល​អង់គ្លេស (English Premier League)។

«Ten Hag លាលែង​ពី​តំណែង​ហើយ​នៅ? ធ្វើយ៉ាងណា​ទើប​គ្រូបង្វឹក​របស់ Man Utd អាច​រក្សាបាន​តំណែង បន្ទាប់ពី​ការប្រកួត​ទទួលបាន​លទ្ធផល​អាក្រក់​បែប​នេះ» Morgan សរសេរ​លើ​បណ្ដាញ​សង្គម Twitter ដូច្នេះ អម​ជាមួយ​រូបថត Erik ten Hag ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ច​សម្ភាស ក្រោយពី​ការប្រកួត​រវាង Manchester United និង Liverpool នៅ Anfield។

Morgan ធ្លាប់បាន​លើក​ជា​សំណួរ​ដើម្បីឱ្យ Ronaldo បង្ហើប​អាថ៌កំបាំង​ផ្ទៃក្នុង​របស់ Man Utd ក៏ដូចជា​ចោទប្រកាន់​ក្លឹប​នេះ​ថា​ក្បត់​រូបគាត់ កាលពីដើម​ខែវិច្ឆិកា 2022។ កិច្ច​សម្ភាស​នោះ​បាន​នាំឱ្យ Man Utd សម្រេចចិត្ត​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​ជាមួយ CR7 ធ្វើឱ្យ​កំពូល​កីឡាករ​ជនជាតិ​ព័រទុយហ្កាល់​ត្រូវ​ទៅ​ទាត់​ឱ្យ​ក្លឹប Al Nassr នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។

Piers Morgan, Ronaldo និងសាររបស់ Piers Morgan ចំអកឱ្យ Man Utd

ចាប់ពីពេលនោះ​មក ពិធីករ​ផ្នែក​​កីឡា Morgan ក៏​ផ្ដើម​បញ្ចេញមតិ​កាន់ជើង Ronaldo និង​រិះគន់ Man Utd ជា​ញឹកញាប់។ កាលពី​ថ្ងៃទី 06 មីនា 2023 បន្ទាប់ពី​បាន​ទស្សនាការ​ប្រកួត​ដែល​ក្រុម​របស់​គ្រូបង្វឹក Ten Hag ចាញ់ Liverpool 0-7 លោក Morgan បាន​បង្ហោះ​អត្ថបទ​ចំនួន 4 ជា​បន្តបន្ទាប់​នៅលើ​បណ្ដាញ​សង្គម​ដើម្បី​ចំអក​ឱ្យ Man Utd។

«ពិតជា​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​អស់សំណើច ប៉ុន្តែ​នេះ​ប្រាកដជា​កម្ម​ពារ ជា​ផលកម្ម» ពិធីករ​ជនជាតិ​អង់គ្លេស Morgan សរសេរ និង​បង្ហោះ​អម​ជា​មួយរូប​ដែលលោក​បាន​​ថត​ជាមួយ Ronaldo ពេលធ្វើ​បទ​សម្ភាស​ដែលនាំឱ្យ Man Utd មិន​សប្បាយចិត្ត​នាពេល​កន្លង។

បន្ទាប់មក ពិធីករ​វ័យ 57 ឆ្នាំ​ខាងលើ​ក៏បាន​ថត​អត្ថបទ​សម្ភាស Ten Hag នៅលើ​ទំព័រ​កាសែត​មួយ ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ក្នុង​អត្ថបទ​សម្ភាស​នេះ គ្រូបង្វឹក​របស់ Man Utd និយាយថា គាត់​ដេកលក់​ស្រួល​បន្ទាប់ពី​បាន​លុបបំបាត់ Ronaldo ចេញពី​ក្រុម។ Morgan សរសេរថា «ជូនពរ​សំណាងល្អ​ក្នុង​​ដំណេក​នៅ​យប់​នេះ​ណា៎ អ្នកមាន​ទេពកោសល្យ»។

Man Utd ចាញ់ Liverpool 0-7

ការ​ចាញ់ Liverpool 0-7 គឺជា​បរាជ័យ​អាក្រក់​បំផុត​របស់ Man Utd នៅក្នុង​ប្រវត្តិ​សាស្ត្រ​​លិ​គ​កំពូល​អង់គ្លេស។ លទ្ធផល​នេះ​បានធ្វើឱ្យ​មានការ​សង្ស័យ​ចំពោះ​សមត្ថភាព​របស់ «បី​សាច​ក្រហម» បន្ទាប់ពី​សម័យកាល​ត្រចះ​ត្រចង់​ ដែល​មួយផ្នែកធំ​គឺ​ដោយសារ Ronaldo។

Ronaldo មិនបាន​បញ្ចេញមតិ​ទាក់ទង​នឹង​បរាជ័យ​របស់ Man Utd ខាងលើ​នោះ​ទេ។ CR7 ក៏​ទើបតែ​បានរួម​ដៃ​ជាមួយ Al Nassr យកឈ្នះ Al Batin 3-1 នៅ​ពានរង្វាន់​អា​រ៉ា​ប៊ី​សា​អូឌីត ​កាលពី​ថ្ងៃទី 04 មីនា។ ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ Al Nassr រក្សាបាន​តំណែង​កំពូល​តារាង ដោយមាន​ពិន្ទុ​ច្រើនជាង Al Ittihad ចំនួន​ពីរ​ពន្ទុ៕

Advertisement