លោក Giggs ច្រានចោល​ចំពោះ​ព័ត៌មាន​ដែលថា នឹង​ទៅ​ដឹកនាំ​ក្លិប Swansea

លោក Ryan Giggs អតីត​តារាបាល់ទាត់​ដ៏​ឆ្នើម​របស់​ក្លិប Manchester United បាន​ច្រានចោល​ព័ត៌មាន​ដែលថា លោក​កំពុងតែ​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅកាន់​ការចូល​កាន់តំណែង​ជា​គ្រូបង្វឹក​នៅឯ​ក្លិប Swansea របស់​ក្របខ័ណ្ឌ Premier League ក្រោយពី​ការចាកចេញ​របស់លោក Paul Clement។

ស្រប​ពេលដែល Swansea កំពុងតែ​ស្វែងរក​គ្រូបង្វឹក​ទី3របស់ខ្លួន​ក្នុង​រយៈពេល​តិចជាង12ខែ​នោះ លោក Giggs ត្រូវបាន​គេ​គិតថា មាន​ទំនាក់ទំនង​ជាមួយនឹង​តួនាទី​នេះ រួមជាមួយ​នឹង​លោក Ronald Koeman, Tony Pulis  និង​លោក Louis van Gaal។ លោក Giggs ត្រូវបាន​ចោទសួរ​ថា តើ​លោក​មានការ​ចាប់អារម្មណ៍​ក្នុងការ​ដឹកនាំ​ក្លិប​មួយ​ដែល​លោក​ធ្លាប់​ត្រូវបាន​គេ​ទាក់ទង​កាលពី​ពេលមុន នៅមុន​ពេល​លោក Bob Bradley ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​កាលពី​ខែតុលា ឆ្នាំ២០១៦ ឬ​យ៉ាងណា?

លោក Giggs បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ទេ ខ្ញុំ​ធ្លាប់បាន​ពិភាក្សា​ជាមួយនឹង​ពួកគេ​កាលពីមុន ពោលគឺ​មុនពេល​ពួកគេ​បានធ្វើការ​តែងតាំង​លោក Bob Bradley ទៅទៀត»។ លោក Giggs បាន​បញ្ជាក់ថា ការលក់​តារា​ឆ្នើម​ដូចជា Gylfi Sigurdsson និង Fernando Llorente កាលពី​រដូវក្តៅ​មុន បានធ្វើ​ឲ្យ​ក្រុម Swansea ចុះខ្សោយ។ លោក Giggs បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិនដឹង​ទេ ខ្ញុំ​មិនមែន​ស្ថិតក្នុង​ក្លិប​នោះឡើយ ប៉ុន្តែ​ពិតណាស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វា​ពិតជា​មានដំណើរ​កា​រយ៉ា​ង​ល្អ​ក្នុង​ក្លិប​នេះ ដែល​ស្ថិតនៅ​លើផ្លូវ​ដ៏​ត្រឹមត្រូវ និង​ក្លាយជា​ក្រុម​មួយ​ដ៏​មាន​ស្ថិរភាព​របស់​ក្របខ័ណ្ឌ Premier League»។

បុរស​សញ្ជាតិ​វេ​លស៍​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ វា​ពិតជា​លំបាក​នៅពេលនេះ អ្នកឃើញ​ស្រាប់​ហើយ​ថា ក្រុម​នេះ​ធ្លាក់ចុះ​ទម្រង់​លេង។ វា​កាន់តែ​ស្វិតស្វាញ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ពួកគេ​បាន​បាត់បង់​កីឡាករឆ្នើមៗជាច្រើន តើ​មែន​ទេ? ពួកគេ​បាន​បាត់បង់ Sigurdsson ពួកគេ​បាន​បាត់បង់ Llorente ហើយ​ប្រហែលជា​មិន​ទិញ​ចូល​កីឡាករ​ដើម្បី​ជំនួស​កន្លែង​របស់​ពួកគេ​ឡើយ។ នោះ​គឺជា​បញ្ហា»៕

ប្រភពពី៖ Sky Sports

Advertisement