លោក Wenger រំពឹង​ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងការ​ប្រជែង​ដណ្តើម​កៅអី Champions League

លោក Arsene Wenger ដឹងថា ក្រុម Arsenal មិនអាច​បណ្តោយ​ឲ្យ​មានការ​ភ្លាត់ស្នៀត​ទៀតឡើយ​នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Newcastle នា​កីឡដ្ឋាន Emirates ដោយមាន​បំណង​បញ្ចប់​ការប្រកួត​មិន​ស្គាល់​ឈ្នះ​ក្នុង​ក្របខ័ណ្ឌ Premier League ត្រឹម3ប្រកួត។

ក្រុម​របស់លោក Wenger បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅលើ​ទឹកដី​ក្រុម West Ham United កាលពី​ថ្ងៃ​ពុធ និង​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ7 មុននឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​សារិកា​ព្រៃ​របស់លោក Rafael Benitez នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ។ មានការ​ខុសគ្នា​ត្រឹមតែ1ពិន្ទុ​ប៉ុណ្ណោះ​រវាង​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​ឈរ​លេខ4 Tottenham Hotspur ប៉ុន្តែ អ្វី​ដែលជា​ភាពស្វិតស្វាញ​យ៉ាងពិត​ប្រាកដ​នោះ គឺ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្របខ័ណ្ឌ Champions League ខណៈដែល​ក្រុម Arsenal មិនអាច​បាត់បង់​ពិន្ទុ​ទៀតឡើយ​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Newcastle។

ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​នៅលើ​ទឹកដី​ក្រុម West Ham បានកើត​ឡើង ក្រោយពី​ទទួលបាន​លទ្ធផល​ស្មើ 1-1 ដូចគ្នា​នៅលើ​ទឹកដី​ក្រុម Southampton ខណៈដែល​ការប្រកួត​ទាំង2នេះ លោក Wenger សុទ្ធសឹង​រំពឹងទុក​ថា ក្រុម​របស់លោក​នឹង​ឈ្នះ។ ហេតុផល​ទាំងនេះ​បាន​បង្ហាញថា ពួកគេ​មិនទាន់បាន​ស្តារ​មុខមាត់​ពី​ការខកចិត្ត​ដោយសារតែ​ការរង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Manchester United នៅលើ​ទឹកដី​ខ្លួនឯង​នៅឡើយ។ លោក Wenger បាន​ផ្លាស់ប្តូរ​សមាជិក​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​របស់លោក​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម West Ham ខណៈដែល​ទាំង Jack Wilshere និង Olivier Giroud សុទ្ធសឹង​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង11ជា​លើក​ទី1របស់គេ​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ។ Wilshere ផ្ទាល់​បានប្រកាសថា រូបគេ​បាន​ពេញចិត្ត​ទៅនឹង​ទម្រង់​លេង​របស់គេ ប៉ុន្តែ បាន​ទទួលស្គាល់ថា គេ​មិនទាន់បាន​បើក​ការពិភាក្សា​ជាមួយនឹង​ក្លិប Arsenal ពី​ការបន្ត​កុងត្រា​របស់គេ​នៅឡើយ ដែល​វា​នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

ប្រភពពី៖ Sports.yahoo.com

Advertisement