Silva ជួយ​ឲ្យ Man City រក្សា​ការនាំ​មុខ8ពិន្ទុ​ដាច់​លើ​ក្រុម Man United

ក្រុម Manchester City បាន​រក្សា​ការនាំ​មុខ8ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល David Silva បាន​ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម West Ham កាលពី​ថ្ងៃអាទិត្យ។

ក្រុម​របស់លោក Pep Guardiola បាន​រក្សា​ទម្លាប់​នាពេលថ្មីៗនេះ​របស់​ពួកគេ​តាមរយៈ​ការ​វាយបក​ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត ខណៈដែល Silva បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​នៅ​រយៈពេល7នាទីចុងក្រោយ​នា​កីឡដ្ឋាន Eastlands ដើម្បី​ជួយ​ឲ្យ​ក្រុម Man City កត់ត្រា​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ជា​លើក​ទី13ជាប់ៗគ្នា​របស់​ពួកគេ។ Silva បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយពី​ខ្សែការពារ Nicolas Otamendi ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទី2 ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែការពារ Angelo Ogbonna នៃ​ក្រុម West Ham នៅ​ចុង​តង់​ទី1។ Man City បាន​តាម​ស្មើ​កំណត់ត្រា​របស់ Chelsea ក្នុង​រដូវ​កាល​ឆ្នាំ2016-2017 និង​ក្រុម Arsenal ក្នុង​រដូវ​កាល​ឆ្នាំ2001-2002 សម្រាប់​ការកត់ត្រា​ជ័យជម្នះជាប់ៗគ្នាច្រើន​ជាងគេ​បំផុត ក្នុង​រដូវ​កាល​តែមួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ Premier League។ លោក Pep Guardiola បាន​ឲ្យ​ដឹងថា៖ «យើង​បានចាប់ផ្តើម​យ៉ាង​ល្អ ប៉ុន្តែ យើង​បាន​បាត់បង់​ការអត់ធ្មត់។ យើង​មិនមាន​ការលេង​ប្រកបដោយ​ការ​ស៊ីចង្វាក់​គ្នា ដោយសារតែ​អ្នកចាំទី​របស់​ក្រុម West Ham គឺ Adrian បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​រាល់ពេល​ទាំងអស់»។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ពួកគេ​បាន​លេង​កីឡាករ10នាក់​ក្នុង​ប្រអប់​ទី វា​ស្ទើរតែ​មិនអាច​ទៅរួច​ឡើយ។ វា​ជាការ​ទទួល​ជ័យជម្នះ​ដ៏​ធំ​មួយ។ វា​បានបង្ហាញ​ពី​ទីតាំង​របស់​យើង»៕

ប្រភពពី៖ Sky Sports

Advertisement