លោក Pardew កំពុង​ពិភាក្សា​ជុំវិញ​ការ​ក្លាយជា​គ្រូបង្វឹក​របស់ West Brom

លោក Alan Pardew បានរៀបចំ​ការពិភាក្សាផ្សេងៗជុំវិញ​ការទទួល​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប West Bromwich Albion ក្រោយពី​ក្លិប​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ​បាន​បណ្តេញ​លោក Tony Pulis ចេញ​កាលពីដើម​សប្តាហ៍​មុន។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​អតីត​គ្រូបង្វឹក​របស់​ក្លិប Crystal Palace កាលពី​ថ្ងៃអាទិត្យ។

លោក Pulis បាន​ចែកផ្លូវ​ជាមួយនឹង​ក្លិប West Brom កាលពី​ថ្ងៃ​ចន្ទ ក្រោយពី​កាន់តំណែង​បាន​ជិត3ឆ្នាំ ខណៈដែល​ក្លិប​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ17នៅលើ​តារាង​មួយ​នេះ បាន​ធ្លាក់​ទៅ​ក្បែរ​តំបន់​កាត់ចោល ក្រោយពី​បាន​រង​បរាជ័យ4លើកជាប់ៗគ្នា។ លោក Gary Megson ដែលជា​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន បាន​ជួយ​ឲ្យ​ក្រុម​នេះ​ដណ្តើមបាន​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Tottenham Hotspur កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​លោក Pardew បាន​ក្លាយជា​បេក្ខភាព​ឈានមុខ​គេ ក្រោយពី​លោក Megson បាន​បញ្ជាក់ថា លោក​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​កាន់តំណែង​ដែល​លោក​បាន​ចាកចេញ​កាលពី​ឆ្នាំ 2004នេះ។

លោក Pardew បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំ​មានការ​ពិភាក្សាផ្សេងៗជាមួយនឹង​ពួកគេ។ ត្រូវ​ហើយ! វា​ពិតជា​ការងារ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ណាស់ ហេតុនេះ យើង​នឹង​រង់ចាំ​មើលថា តើ​វា​នឹងមាន​ដំណើរការ​ទៅ​បែបណា»។ គ្រូបង្វឹក​វ័យ56ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​ជា​ក្លិប​មួយ​ដែលមាន​កីឡាករឆ្នើមៗជាច្រើន ហើយ​ខ្ញុំ​គិតថា វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នកចាត់ការ​ទូទៅ​ម្នាក់ ហើយ​ប្រសិនបើជា​ខ្ញុំ នោះ​វា​នឹង​ប្រាកដជា​ខ្ញុំ​ហើយ។ ពួកគេ​មាន​កម្រិត​លេង​ល្អ ហើយ​ពួកគេ​ប្រហែលជា​កំពុងតែ​ធ្វើបាន​ល្អប្រសើរ​ជាង​មុន ហេតុនេះ​ជាការ​រំពឹងទុក គឺជា​អ្វីដែល​ពួកគេ​នឹងធ្វើ​បាន»៕

ប្រភពពី៖ The Guardian

Advertisement