Messi បន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona រហូតដល់​ឆ្នាំ 2021

ខ្សែប្រយុទ្ធ Lionel Messi បាន​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​មួយ​ជាមួយនឹង​ក្លិប Barcelona ដើម្បី​បន្ត​លេង​ឲ្យ​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ​រហូតដល់​ឆ្នាំ2021។ កុងត្រា​ថ្មី​មួយ ត្រូវបាន​ធ្វើឡើង​រវាង​កីឡាករ និង​ក្លិប​មួយ​នេះ តាំងពី​ខែមិថុនា​មកម្ល៉េះ ប៉ុន្តែ Messi ទើបតែ​យល់ព្រម​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចសន្យា​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​ប៉ុណ្ណោះ។

បើ​យោងតាម​កិច្ចសន្យា​នេះ ក្លិប Barcelona បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ មាន​លក្ខខណ្ឌ​ទិញ​រំលាយ​កិច្ចសន្យា​ក្នុង​ទឹកប្រាក់835លាន​ដុល្លារ​អាមេរិក។ នោះ​មានន័យថា តារា​ឆ្នើម​វ័យ30ឆ្នាំ​រូបនេះ​នឹងត្រូវ​បន្ត​លេង​រហូតដល់​បញ្ចប់​អាជីព​របស់ខ្លួន​នៅឯ​កីឡដ្ឋាន Camp Nou ហើយ​បើ​នៅតែ​បន្ត​លេង​ទៀត​បន្ទាប់ពី​កិច្ចសន្យា​នោះ រូបគេ​អាច​នឹង​ផ្ទេរ​ទៅកាន់​ក្លិប Manchester City។ Messi ដែល​បានធ្វើការ​បង្ហាញខ្លួន​ក្នុង​ក្រុម​ធំ​ជា​លើកដំបូង​របស់គេ​ក្នុង​វ័យ16ឆ្នាំ​ក្នុង​ការប្រកួត​មិត្តភាព​មួយ​ជាមួយនឹង​ក្រុម Porto នោះ ធ្លាប់​បានឈ្នះ​ពាន​ក្របខ័ណ្ឌ La Liga 8លើក ពាន​ក្របខ័ណ្ឌ Champions League 4លើក និង​ពាន Copa del Rey ចំនួន5លើក ស្រប​ពេលដែល​រូបគេ​ក៏បាន​ឈ្នះ​ពាន​កិត្តិយស​ជាច្រើន​ទៀត​ផងដែរ​ជាមួយនឹង​ក្រុម Barcelona។ Messi បាន​ចូលរួម​ជាមួយនឹង​ក្លិប Barcelona ក្រោយពី​ផ្ទេរ​មកពី​ក្លិប Newell’s Old Boys ក្នុងនាម​ជា​យុវជន​ម្នាក់​កាលពី​ឆ្នាំ2000 និង​បានធ្វើការ​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ជា​ផ្លូវការ​របស់គេ​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Espanyol ពេល​មាន​វ័យ​ត្រឹមតែ 17ឆ្នាំ។

 

រូបគេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1ក្នុងចំណោម​គ្រាប់​បាល់​សរុប​ចំនួន523គ្រាប់​របស់គេ ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Albacete កាលពី​ខែឧសភា ឆ្នាំ2005 ហើយ​ចាប់តាំងពី​ពេល​នោះមក រូបគេ​បានឈ្នះ​ពាន Ballon d’Or ចំនួន5លើក ពោលគឺ​ច្រើនជាង​កីឡាករ​រូប​ណា​ទាំងអស់៕

ប្រភពពី៖ The Guardian

Advertisement