(World Cup 2022)- គ្រូបង្វឹក​របស់ ម៉ា​រ៉ុ​ក ៖ «ខ្ញុំ​ចង់ឱ្យ​ បារាំង ​លើក​ពាន​ជើងឯក»

អាហ្សង់ទីន នឹង​ប៉ះជាមួយ​ បារាំង នៅយប់​ថ្ងៃទី 18 ធ្នូ 2022

លោក Walid Regragui សង្ឃឹមថា បារាំង ដណ្ដើមបាន​ជោគជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បីឱ្យ ម៉ា​រ៉ុ​ក អាចមាន​មោទកភាព ព្រោះ​ចាញ់​តែ​ម្ចាស់​ពាន​ជើងឯក World Cup 2022។

«ខ្ញុំ​ជូនពរ​ប្រទេស​បារាំង។ យើង​នឹង​គាំទ្រ​ពួកគេ» លោក Regragui ដែលជា​ជនជាតិ​ម៉ា​រ៉ុ​ក កើត​នៅ ប្រទេស​បារាំង ប៉ុន្តែ​ក្រោយមក​ក៏បាន​លេង និង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក ថ្លែង​ដូច្នេះ បន្ទាប់ពី​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 14 ធ្នូ។

លោក Regragui បន្ថែមថា «យើង​ចង់ឱ្យ បារាំង ដណ្ដើមបាន​ជោគជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​អាច​និយាយបានថា យើងខ្ញុំ​ចាញ់​តែ​ម្ចាស់​ជើងឯក​ពិភពលោក។ ប្រការ​នោះ​អាច​នឹង​ល្អ​សម្រាប់​ពួកយើង»។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បារាំង នឹងត្រូវ​ប៉ះ អា​ហ្ស​ង់​ទីន នៅ​យប់​ថ្ងៃទី 18 ធ្នូ។ ចំណែក ម៉ា​រ៉ុ​ក នឹង​ត្រូវ​ជួប ក្រូ​អាត ក្នុងការ​ប្រកួត​ដណ្ដើមពាន​រង្វាន់​លេខ 3 មុន​នោះ​មួយថ្ងៃ។ យោងតាម​លោក Regragui ឱកាស​សម្រាប់​ក្រុម​ទាំងពីរ​នេះ​គឺ 50-50។ «បើសិនជា បារាំង ឈ្នះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ម្ដងទៀត នោះ​នឹង​ជា​ជ័យជម្នះ​ពីរលើកផ្ទួនៗក្នុង​ប្រវត្តិសាស្ត្រ។ ពួកគេ​គឺ​ក្រុម​ជម្រើសជាតិ​ឆ្នើម​បំផុត​លើ​ពិភពលោក​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង» លោក Regragui អះអាង​ដូច្នេះ។

លោក Walid Regragui គ្រូបង្វឹករបស់ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក

ក្នុង​ប្រវត្តិសាស្ត្រ មានតែ អ៊ីតាលី (ឆ្នាំ 1934, 1938) និង ប្រេ​ស៊ី​ល (ឆ្នាំ 1958, 1962) ប៉ុណ្ណោះ ដែលជា​ក្រុម​ជម្រើសជាតិ​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក 2 លើក​បន្តបន្ទាប់៕

Advertisement