Robinho ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក 9ឆ្នាំ  

Robinho ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល9ឆ្នាំ ក្រោយពីតុលាការអ៊ីតាលីរកឃើញថា មានកំហុសទៅលើការរំលោភផ្លូវភេទ។ អតីតតារាឆ្នើមរបស់ក្លិប Manchester City រូបនេះ គឺជា​ជនជាប់ចោទ​ម្នាក់​ក្នុងចំណោម​ជនជាប់ចោទ5នាក់​ទៀត​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​រំលោភ​ទៅលើ​នារី​វ័យក្មេង​សញ្ជាតិ​អាល់​បា​នី​ម្នាក់ ក្នុង​ក្លិប​រាត្រី​មួយ​នៅ​ទីក្រុង Milan កាលពី​ថ្ងៃទី22 ខែមករា ឆ្នាំ2013។

នៅពេលនោះ Robinho កំពុងតែ​លេង​ឲ្យ​ក្លិប AC Milan ក្នុង​ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​លវ័យ33ឆ្នាំ​រូបនេះ ដែល​បច្ចុប្បន្ន​កំពុងតែ​លេង​ឲ្យ​ក្លិប Atletico Mineiro នោះ បាន​សន្យាថា នឹងធ្វើ​ការតវ៉ា​ចំពោះ​សេចក្តីសម្រេច​នេះ។ ក្រោម​ច្បាប់​របស់​អ៊ីតាលី រូបគេ​នឹងមិន​ត្រូវបាន​ឲ្យ​ចូល​គុកភ្លាមៗឡើយ រហូត​ទាល់តែ​ដំណើរការ​នៃ​ការប្តឹង​ឧទ្ធរណ៍ ត្រូវបាន​បំពេញ​ជា​ផ្លូវការ ដែល​អាច​នឹង​ចំណាយពេល​ជាច្រើន​ឆ្នាំ​ទៀត។ សេចក្តីប្រកាស​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram របស់គេ​ពី​សំណាក់​ក្រុមការងារ​ផ្នែក​ច្បាប់​របស់​ពួកគេ​បាន​ឲ្យ​ដឹងថា៖ «ទាក់ទង​នឹង​ព័ត៌មាន​ស្តីពី​ខ្សែប្រយុទ្ធ Robinho ក្នុង​ហេតុការណ៍​មួយ​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំមុន យើង​សូម​ធ្វើការ​បញ្ជាក់ថា រូបគេ​បានប្រកាស​រួចជាស្រេច​ថា គេ​មិន​បានដឹង​អ្វី​ឡើយ និង​នៅតែ​រក្សា​ជំហរ​ថា រូបគេ​មិនបាន​ទាក់ទិន​នឹង​ករណី​នេះឡើយ»។

ប្រសិនបើ​រូបគេ​ចាញ់ក្ដី​ក្នុង​បណ្តឹងឧទ្ធរណ៍​នោះ  Robinho នឹង​ត្រូវគេ​ធ្វើ​បត្យាប័ន​ដើម្បី​ទៅ​ទទួលទោស​ក្នុងប្រទេស​អ៊ីតាលី។ រូបគេ​បាន​បំបែក​កំណត់ត្រា​នៃ​ការផ្ទេរ​របស់​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ2008 នៅពេលដែល​ក្លិប Man City បាន​លួងលោម​រូបគេ​ឲ្យ​ចាក​ចេញពី​ក្លិប Real Madrid ក្នុងតម្លៃ​ខ្លួន32លាន​ផោន៕

ប្រភពពី៖ The Sun

Advertisement