​Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Arab Champions Cup

(អា​រ៉ា​ប៊ី​សា​អូឌីត) – កំពូល​តារាបាល់ទាត់​វ័យ 38 ឆ្នាំ លោក Cristiano Ronaldo រកបាន​មួយ​គ្រាប់​ពី​ការទា​ត់បាល់​ពិន័យ នៅក្នុង​ការប្រកួត​ដែល Al Nassr ឈ្នះ Al Shorta ដោយ​លទ្ធផល 1-0 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ Arab Club Champions Cup។

ក្រោយ​សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត ក្រុម​កីឡាករ​របស់ Al Nassr រត់​មក​ឱប​គ្នា ហើយ​ពួកគេ​បានសម្ដែង​ការ​​ត្រេកអរ​ខ្លាំង​ចំពោះ​អ្នកចាំទី Alaqidi ដែល​​ជួយសង្គ្រោះ​បាន​មួយ​គ្រាប់​នៅ​ចុងការ​ប្រកួត។

ក្រោយ​ការប្រកួត​នេះ Al Nassr មាន​សិទ្ធិ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នៅ​ទីនោះ ពួកគេ​នឹង​ត្រូវ​​ប៉ះ Al Hilal ឬ Al Shabab ក្នុង​ថ្ងៃទី 12 សីហា​ខាងមុខ។

Ronaldo សុទ្ធតែ​រក​បាន​គ្រាប់​បាល់​ឈ្នះ​​ក្នុង​បួន​ប្រកួត​បន្តបន្ទាប់ នាំឱ្យ​គាត់​ហក់​ឡើងទៅ​កំពូល​តារាង​ចំណាត់ថ្នាក់ «ស្ដេច​កម្ទេច​ទី» ដែល​នៅ​ពីលើ Karim Benzema។

Arab Club Champions Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ​សម្រាប់​បណ្ដា​ក្លឹប​នៅ​ក្នុង​សហគមន៍​​អារ៉ាប់​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង។ ពានរង្វាន់​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី 27 កក្កដា ដល់ 12 សីហា ឆ្នាំ 2023 នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​មាន​ក្រុមបាល់ទាត់​ចំនួន 16 ចូលរួម៕

Advertisement