ស្វ៊ី​ស និង​ក្រូ​អាស៊ី ដឹក​ដៃ​គ្នា​ទៅ World Cup ក្រោយ​ទម្លាក់​អៀរ​ឡង់​ខាងជើង និង​ក្រិ​ក

ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស បាន​ការពារ​ការវាយលុក​របស់​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​បាន​យ៉ាងរឹងមាំ ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​យុទ្ធនាការ World Cup ឆ្នាំ2018 ក្នុងប្រទេស​រុស្ស៊ី តាមរយៈ​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុងការ​ប្រកួត​ជើង​ទី2កាលពី​ថ្ងៃអាទិត្យ ដែល​នាំ​ឲ្យ​ពួកគេ​ឈ្នះ​ទាំងពីរ​ជើង 1-០ នៃ​ការប្រកួត​វគ្គ Playoff នេះ។

ក្រុម​របស់លោក Vladimir Petkovic បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ក្នុង​តង់​ទី1 ខណៈដែល​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​បាន​រក្សា​ទម្រង់​លេង​ដ៏​រឹងមាំ​របស់ខ្លួន ប៉ុន្តែ គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​របស់​កីឡាករ Ricardo Rodriguez កាលពី​ជើង​ទី1 ក្នុង​ទីក្រុង Belfast គឺ​គ្រប់គ្រាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុងការ​ឈានទៅ​ប្រកួត World Cup ជា​លើក​ទី4ជាប់ៗគ្នា​របស់​ពួកគេ។ អ្នកចាំទី Yann Sommer របស់​ស្វ៊ី​ស បាន​ប្រាប់​ប៉ុស្តិ៍ ទូរទស្សន៍ RTS ថា៖ «វា​ពិតជា​ការប្រកួត​មួយ​ដ៏​លំបាក។ វា​មាន​សម្ពាធ​ជាច្រើន។ គ្រប់គ្នា​បាន​និយាយថា វា​ស្ទើរតែ​បញ្ចប់​ទៅហើយ ប៉ុន្តែ ក្នុងការ​ប្រកួត​ជាមួយនឹង​ក្រុម​បែបនេះ វា​គឺជា​ការប្រយុទ្ធ​មួយ។ ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​យើង​បានសម្រេច​គោលដៅ​របស់​យើង»។

ស្របពេល​ជាមួយគ្នានេះដែរ ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក៏បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ក្រិ​ក​ដែរ កាលពី​ថ្ងៃអាទិត្យ ដើម្បី​បានទទួល​ការ​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​យុទ្ធនាការ World Cup នា​ឆ្នាំក្រោយ ជាមួយនឹង​ជ័យជម្នះ​ទាំងពីរ​ជើង 4-1 នៃ​វគ្គ Playoff របស់​ពួកគេ។ ក្រុម​របស់លោក Zlatko Dalic នឹង​ឈានទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី5របស់​ពួកគេ​នៅក្នុង​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំក្រោយ ក្រោយពី​ខកខាន​មួយ​លើក​កាលពី​ឆ្នាំ2010។ សម្រាប់​រយៈពេល30នាទី​ដំបូង ក្រុម​ជម្រើសជាតិ​ក្រិ​កបាន​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ បើទោះបី​ខ្សែការពារ Sokratis Papastathopoulos របស់​ក្លិប Borussia Dortmund និង​ខ្សែប្រយុទ្ធ Anastasios Bakasetas របស់​ក្លិប AEK Athens មានឱកាស​ស៊ុត​បាល់​សំដៅ​ទី​យ៉ាង​ល្អ​ក៏ដោយ ក៏​ក្រុម​ម្ចាស់ផ្ទះ​នៅតែ​មិនអាច​រក​គ្រាប់​បាល់​បើកឆាក​បានដែរ៕

ប្រភពពី៖ AFP

Advertisement