Messi លេច​មុខជា​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញខ្លួន​រប​ស់​ក្លឹប Inter Miami

រូបភាព Messi រួមនឹងម្ចាស់បីរូបរបស់ក្លឹប Inter Miami ដែលរួមមាន Jorde Mas, Jose Mas និង David Beckham (ពីឆ្វេងមកស្ដាំ)

(សហរដ្ឋ​អាម៉េរិក) – បើទោះជា​មាន​ភ្លៀង​ធំ​នាំឱ្យ​ព្រឹត្តិការណ៍​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ត្រូវបាន​ពន្យារពេល ប៉ុន្តែ​អ្នកគាំទ្រ​នៅតែ​មក​ចូលរួម​ពេញ​ទីលាន​ដើម្បី​ទស្សនា​ទិដ្ឋភាព Lionel Messi បង្ហាញខ្លួន​នៅ​ក្លឹប​បាល់ទាត់ Inter Miami។

ក្លឹប Inter Miami ប្រារព្ធ​ព្រឹត្តិការណ៍​បង្ហាញ​វត្តមាន Messi កាលពី​វេលា​ម៉ោង 18 ថ្ងៃទី 16 កក្កដា (ម៉ោង​នៅ​ភាគខាងត្បូង​របស់​សហ​រដ្ឋ​អាម៉េរិក) នៅក្នុង​កីឡដ្ឋាន DRV PNK។ មុនពេល​ព្រឹត្តិការណ៍​ត្រូវបាន​ធ្វើឡើង ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ចុះ បណ្ដាលឱ្យមាន​ការកកស្ទះ​ចរាចរណ៍។

ខ្លោងទ្វារ​ទទួល​សំបុត្រ​ក៏ត្រូវ​បាន​បិទ​ដើម្បី​ចៀសវាង​បញ្ហា។ ដូច្នេះ ទស្សនិកជន​ស្ទើរតែ​ទាំងអស់​បាន​ជាប់​នៅ​ខាងក្រៅ​កីឡាដ្ឋាន។ ក៏ប៉ុន្តែ ទោះជា​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​មិនអាច​កាត់បន្ថយ​ភាពសប្បាយ​រីករាយ​រប​ស់​អ្នកគាំទ្រ។ យោងតាម Daily Mail ជនជាតិ​អា​ហ្ស​ង់​ទីន​ប្រហែល 100,000 នាក់​កំពុង​រស់នៅក្នុង​តំបន់ Miami។

ម៉ោង​ប្រហែល​ជិត 19 Messi នាំ​ភរិយា Antonella និងកូនៗមកកាន់​កីឡដ្ឋាន។ M10 កាន់​ដៃ​កូនប្រុស​ច្បង​អាយុ 10 ឆ្នាំ នៅក្នុង​ការការពារ​រ​បស់​បុគ្គលិក​សន្តិសុខ។ Mateo អាយុ 7 និង Ciro អាយុ 5 ឆ្នាំ ដើរ​ពីក្រោយ​ជាមួយ​ម្ដាយ។

នៅក្នុង​កីឡដ្ឋាន DRV PNK ដែលមាន​ 18,000 កៅអី ពុំ​នៅសល់​កន្លែង​ឈរ​នោះទេ។ គណៈកម្មការ​រៀបចំ​ត្រូវ​ដំឡើង​កន្លែង​ទស្សនា​បន្ថែម​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នកគាំទ្រ។

Messi បង្ហាញខ្លួន​នៅក្នុង​សំឡេង​ហ៊ោ​របស់​អ្នកគាំទ្រ។ គាត់​លើកដៃ​រា​គោរព​អ្នកគាំទ្រ និង​ឈានជើងដើរ​ទៅកាន់​កន្លែង​ដែល​ក្រុម​ម្ចាស់​ក្លឹប​កំពុង​ឈរ​រង់ចាំ។ ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ងាកមើល​ទៅកាន់​ទស្សនិកជន​ជា​ញឹក​ញាប់ ​​ហាក់​ពេញ​ចិត្តនឹង​ការគាំទ្រ​ដ៏​អស្ចារ្យ​នេះ​ជា​ខ្លាំង។

Messi ចុះ​កិច្ចព្រមព្រៀង​ពីរ​ឆ្នាំកន្លះ​ជាមួយនឹង​ក្លឹប​អាម៉េរិក Inter Miami។ កំពូល​តារាបាល់ទាត់​វ័យ 36 ឆ្នាំ​រូបនេះ អាច​នឹង​បាន​ទាត់​លើ​ទីលាន​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​ដំបូង​របស់ខ្លួន យ៉ាង​ឆាប់​ត្រឹម​ថ្ងៃទី 21 កក្កដា​ខាងមុខ ដោយ​ត្រូវ​ប៉ះ​ក្រុម Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup។ តាម​គម្រោង នៅ​ថ្ងៃទី 17 កក្កដា 2023 នេះ ក្លឹប​ Inter Miami នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​សម្រាប់ Messi៕

Advertisement