ម្ចាស់ Facebook បង្ហើប​អំពី​ការ​ទទួលទាន​អាហារ​ដើម្បី​មាន​កម្លាំង​កាយ​រឹងមាំ

នាយក​ប្រតិបត្តិ​របស់​ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook លោក Mark Zuckerberg ឱ្យដឹងថា គាត់​ហូប​អាហារ​ប្រមាណ 4,000 កាឡូរី​ជា​រៀងរាល់ថ្ងៃ ច្រើនជាង 1.6 ដង បើ​ធៀប​នឹង​ការណែនាំ។

ក្នុង​សារ​ដែល​បាន​បង្ហោះ​លើ Threads កាលពី​ថ្ងៃទី 01 សីហា លោក Zuckerberg សរសេរថា លោក​ត្រូវ​ការបរិភោគ​អាហារ​ច្រើន​ដើម្បី​ប៉ះប៉ូវ​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ ដែល​ភាគច្រើន​គឺ​ការ​ហាត់គុន MMA និង​កីឡា​មួយចំនួនទៀត។

មុន​នោះ ម្ចាស់ Facebook បានឱ្យដឹងថា លោក​ហាត់គុន​ជូ​ជិត​ស៊ូ (Jiu-jitsu) និង MMA ពី 3 ទៅ 4 ពេល​ក្នុង​មួយ​សប្ដាហ៍។ ដូច្នេះ លោក​ត្រូវការ​បន្ថែម​កាឡូរី​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​សាច់ដុំ និង​យក​កម្លាំង​មកវិញ។

លោក Zuckerberg ក៏បាន​សរសេរ​តប​នឹង McDonald’s នៅលើ Threads ថា លោក​បរិភោគ​សាច់មាន់​ក្រឡុក​គ្រឿង 20 ចំណែក, នំប៉័ង​សាច់គោ, ដំឡូងបារាំង​បំពង​មួយចំណែក​ធំ, Oreo McFlurry និង​នំផ្សេងៗ។

Mike Davis ដែលជា​អ្នក​គុន​និយម MMA និង​ជា​មិត្ត​របស់ Zuckerberg បាន​ណែនាំ​ថា «មិត្តឯង​កំពុង​នៅក្នុង​​មណ្ឌល​​ហ្វឹកហាត់ មិនគួរ​មាន McDonald’s នៅទីនេះទេ»។

Mark Zuckerberg (ស្ដាំ) ថតរូបជាមួយនឹងគ្រូបង្វឹកក្បាច់គុន Dave Camarillo

Zuckerberg កំពុង​បង្កើន​ការហ្វឹកហាត់​ក្បាច់គុននា​​​មួយរយៈ​ពេល​ចុងក្រោយ​នេះ បន្ទាប់ពី​បាន​យល់ព្រម​ជាមួយ​នឹង​ការ​បបួល​ឡើង​សង្វៀន​ប្រកួតប្រដាល់​​របស់​មហាសេដ្ឋី Elon Musk ដែលជា​ម្ចាស់​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី 21 មិថុនា 2023។ អ្នក​ទាំងពីរ​បានជ្រើសរើស Las Vegas ជាទី​តាំង​សម្រាប់​ការប្រកួត។ ក៏ប៉ុន្តែ​ មកដល់ពេលនេះ ​ពុំទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញថា ការប្រកួត​នេះ​នឹង​កើតឡើង​ពិតប្រាកដ​នៅឡើយ៕

Advertisement