លោក Pochettino ពេញចិត្ត​ក្រុម Spurs បច្ចុប្បន្ន បើទោះបី​មិន​ទិញ​កីឡាករ​ថ្មី​ចូល

លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Tottenham បាន​សម្ដែង​ការមិន​សោកស្តាយ​ជុំវិញ​ការមិន​បាន​ទិញ​ចូល​កីឡាករ​ថ្មី​ក្នុង​ក្រុម​របស់លោក​ក្នុងពេល​បិទ​រដូវ​កាល តាមរយៈ​ការបញ្ជា​ក់ថា ការចាប់ផ្តើម​យ៉ាង​ល្អ​របស់​ក្រុម​របស់លោក​ក្នុង​ក្របខ័ណ្ឌ Premier League បង្ហាញថា ការសម្រេចចិត្ត​នេះ​ពិតជា​ត្រឹមត្រូវ។

Spurs ដែល​បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុង​ការមិន​ទិញ​ចូល​កីឡាករ​ថ្មី​សូម្បីតែ​ម្នាក់ បើ​គិត​ចាប់តាំងពី​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវបាន​បង្កើតឡើង​នោះ បាន​តាម​ស្មើ​ទៅនឹង​កំណត់ត្រា​ដ៏​ល្អ​បំផុត​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Premier League តាមរយៈ​ការរកបាន 18ពិន្ទុ​ពី​ការប្រកួត 8លើក។

លោក Daniel Levy ប្រធាន​ប្រតិបត្តិ​ក្លិប​បាន​បង្ហើប​ឱ្យដឹង​នៅ​សប្តាហ៍​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយនឹង​អ្នកគាំទ្រ​របស់​ក្លិប Tottenham ថា លោក​មានការ​រីករាយ​ចំពោះ​សកម្មភាព​នា​រដូវក្តៅ​របស់​ក្លិប ហើយ​លោក Pochettino ក៏បាន​យល់ស្រប​បែប​នោះដែរ។

លោក Pochettino បានឱ្យដឹងថា៖ «វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ទទួលបាន​កីឡាករ​ថ្មី​ដែល​យើង​ត្រូវការ វា​មិនអាច​ទៅរួច​ឡើយ តែ​ខ្ញុំ​ពិតជា​រីករាយ និង​ពេញចិត្ត​ជាមួយនឹង​ក្រុម​ដដែល​របស់ខ្ញុំ ពោលគឺ​កីឡាករ​ទាំង 25នាក់»។

គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​បន្តថា៖ «យើង​មិនមាន​ការសោកស្តាយ​ឡើយ ប៉ុន្តែ យើង​ពិតជា​រីករាយ​ណាស់ នៅពេលដែល​យើង​បានចាប់ផ្តើម​រដូវ​កាល​នេះ ជាមួយនឹង​ការប្រកួត 3លើក​ដែល​យើង​ឈ្នះ ហើយ​យើង​បាន​ស្ថិតនៅលើ​កំពូល​តារាង ដែលនាំឱ្យ​មនុស្ស​ជាច្រើន​និយាយផ្សេងៗគ្នា​ថា ក្រុម Tottenham ពិតជា​ឆ្លាត​វៃ​ណាស់ ពីព្រោះ​ពួកគេ​រក្សាទុក​រាល់​កីឡាករ​ពី​រដូវ​កាល​មុន​ទាំងអស់»។

លោក Pochettino បាន​បន្ថែមទៀតថា៖ «ក្រោយពី​យើង​បានចាប់ផ្តើម​ចាញ់​ការប្រកួត​ប៉ុន្មាន​លើក​មក ការបារម្ភផ្សេងៗបានចាប់ផ្តើម​បង្កើតឱ្យមាន​ឥទ្ធិពល​ដ៏​ធំ​មួយ​ក្នុង​ទស្សនៈ​នោះ។ ប៉ុន្តែ ខ្ញុំ​ត្រូវតែ​រំឭក​អ្នក​គ្រប់គ្នា​ថា នេះ​គឺជា​ការចាប់ផ្តើម​យ៉ាង​ល្អ​បំផុត​របស់​យើង ក្រោយពី​ការប្រកួត 8លើក»៕

ប្រភពពី៖ Sport24

Advertisement