ក្លឹប Inter Miami មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ចូល​មើលការ​ហ្វឹក​ហាត់​របស់​ Messi

(សហរដ្ឋ​អាម៉េរិក) – ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Lionel Messi នៅ​ក្លឹប Inter Miami បើកទ្វារ​សម្រាប់តែ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ខណៈ​សាធារណជន​ទូទៅ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​មើល​ឡើយ។

កាលពី​ថ្ងៃទី 18 កក្កដា មួយថ្ងៃ​កន្លះ​បន្ទាប់ពី​ព្រឹត្តិការណ៍​បង្ហាញខ្លួន​នៅ​កីឡដ្ឋាន DRV PNK កំពូល​តារាបាល់ទាត់ Messi និង Sergio Busquets ក៏បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ជាមួយនឹង​សមាជិក​ក្រុម​ថ្មី។ ក្នុងពេល​ហាត់ ក្លឹប​នេះ​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូល​ថតរូប និង​ថត​វីដេអូ និងមិន​បើក​ទ្វារ​សម្រាប់​សាធារណជន​ទូទៅ​ឡើយ។ ប្រការ​នេះ​គឺ​ផ្ទុយ​ពី​ការទទួល​ស្វាគមន៍​អ្នកគាំទ្រ​នៅក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Cristiano Ronaldo នៅឯ​ក្លឹប Al Nassr។

ការហ្វឹកហាត់​បានចាប់ផ្ដើម​ពី​ម៉ោង 9 ព្រឹក ដែលមាន​សីតុណ្ហភាព​ប្រហែល 30 អង្សា​សេ។ គ្រូបង្វឹក Tata Martino និង​មិត្ត​រួម​ក្រុម​បានទទួល​ស្វាគមន៍​សមាជិក​ថ្មី ដោយ​ការ​ឱប និង​គោះ​ដៃ​គ្នា។ គ្រូបង្វឹក Tata Martino ក៏​ធ្លាប់បាន​ដឹកនាំ Messi និង Busquets នៅឯ​ក្លឹប Barca។

អតីត​តារាបាល់ទាត់ David Beckham ដែលជា​ប្រធាន និង​ជា​សហ​ស្ថាបនិក​របស់​ក្លឹប Inter Miami ក៏មាន​វត្តមាន​នៅក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Messi។

ក្លឹប Inter Miami បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចូល​បញ្ចូល Messi និង Busquets បន្ទាប់ពី M10 ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លឹប PSG នៅ​ប្រទេស​បារាំង កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ក្រៅពី Messi និង Busquets ក្លឹប Inter Miami ក៏​គ្រោង​នឹង​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​មួយរូប​ទៀត​នៅថ្ងៃនេះ នោះ​គឺ Jordi Alba។ ខ្សែការពារ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ក៏​ចូល​ជា​សមាជិក​ក្លឹប Inter Miami តាម​ទម្រង់​សេរី។

Advertisement