មហា​សេដ្ឋី ​Zuckerberg ថា Elon Musk មិន​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​

Mark Zuckerberg យល់​ថា​ គូប្រកួត​​ Elon Musk មិន​មាន​ភាព​ដាច់​ខាត​ក្នុង​ការ​នាំ​គ្នា​ឡើង​លើ​សង្វៀន​ប្រដាល់​ដូច​ដែល​គាត់​បាន​បបួល​គ្រា​ដំបូង​។

«បើសិន Elon ពិត​ជា​ម៉ឺង​ម៉ាត់​ជាមួយ​នឹង​ការ​ប្រកួត​ផ្លូវ​ការ​​ គាត់​នឹង​មាន​វិធី​ទាក់​ទង​មក​ខ្ញុំ​។ បើ​មិន​ដូច្នេះ​ទេ គឺ​ដល់​ពេល​ត្រូវដែល​បញ្ឈប់​​រឿង​រ៉ាវ​នេះ» ម្ចាស់​ Facebook សរសេរ​លើ​បណ្ដាញ​សង្គម​ Threads កាល​ពី​ថ្ងៃ​ទី 13 សីហា​​ដូច្នេះ​។ លោក Zuckerberg បន្ថែម​ថា «ខ្ញុំ​នឹង​ផ្ដោត​ទៅ​លើ​តែ​ការ​ប្រកួត​ជាមួយ​នឹង​មនុស្ស​ដែល​ផ្ដល់​តម្លៃឱ្យ​កីឡា​មួយ​នេះតែ​ប៉ុណ្ណោះ»។

Elon Musk បាន​បបួល​ប្រកួតប្រដាល់​ក្នុង​ទ្រុង​ជាមួយ​នឹង​ Mark Zuckerberg កាល​ពី​ចុងខែ​មិថុនា​។ ប៉ុន្តែ មហា​សេដ្ឋី​រូប​នេះ​ទំនង​ជា​កំពុង​គេច​ពី​ការ​ប្រកួត​ប្រដាល់​ដោយ​ផ្ទាល់​ ព្រោះ​លោក​ធ្លាប់​បាន​លើក​ហេតុ​ផល​មួយ​ចំនួន​ដែល​អាច​ពន្យារ​ពេល​ការ​ប្រកួត​ ក្នុង​នោះ​ក៏មាន​ហេតុ​ផល​សុខភាព​ផងដែរ​។

យោង​តាម​ទំព័រ​ Oddspedia បើសិន​ការ​ប្រកួត​ខាងលើ​ត្រូវ​បាន​ធ្វើឡើង អត្រា​ឈ្នះ​របស់​មហា​សេដ្ឋី Zuckerberg គឺ​ 79% គ្រាដែល​ឱកាស​ឈ្នះ​របស់​មហា​សេដ្ឋី Elon Musk មាន​ត្រឹម​តែ​ 21% ប៉ុណ្ណោះ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី 14 សីហា​ 2023​៕

Advertisement