ក្រូ​អាស៊ី លត់ ក្រិ​ក​ចាស់ដៃ ខណៈ​អៀរ​ឡង់​ខាងជើង​ផ្ទុះ​កំហឹង

ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​កត់ត្រា​ជ័យជម្នះ​ដោយ​ងាយ​ក្នុង​លទ្ធផល 4-1 លើ​ក្រុម​ជម្រើសជាតិ​ក្រិ​ក ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ Playoff ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើដំណើរ​យ៉ាង​ប្រកៀក​ឆ្ពោះទៅកាន់​ជុំ​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​រុស្ស៊ី​នៅ​ឆ្នាំក្រោយ។

ខ្សែបម្រើ Luka Modric របស់​ក្លិប Real Madrid បា​នរក​គ្រាប់​បាល់​បើកឆាក​ក្នុង​ទីក្រុង Zagreb ពី​បាល់​ពិន័យ11ម៉ែត្រ នៅ​នាទី​ទី13 ក្រោយពី​អ្នកចាំទី​អន្តរជាតិ​ក្រិ​ក Orestis Karnezis បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Nikola Kalinic ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​បន្ថែម​ការនាំ​មុខ​របស់ខ្លួន​ទៀត​ក្នុង​រយៈពេល6នាទី​ក្រោយមក នៅពេលដែល​កីឡាករ Kalinic បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ ក្រោយពី​ការបញ្ជូន​បាល់​ឱ្យ​របស់ Ivan Strinic។ បើទោះបីជា​ក្រុម​ភ្ញៀវ​បាន​វាយបក1គ្រាប់​វិញ​នៅ​នាទី​ទី30ក៏ដោយ ប៉ុន្តែ Ivan Perisic និង Andrej Kramaric នៅតែ​រកបាន2គ្រាប់​បន្ថែមទៀត​ដើម្បី​បំពេញ​ជ័យជម្នះ​ឱ្យ​ក្រុម​ខ្លួន និង​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រិ​ក​ប្រឈមមុខ​នឹង​ការងារ​មិនអាច​ទៅរួច​មួយ​ក្នុងការ​ប្រកួត​ជើង​ទី2ក្នុង​ទីក្រុង Piraeus នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ។ លោក Zlatko Dalic គ្រូបង្វឹក​របស់​ក្រូ​អាស៊ី បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ HRT ថា៖ «វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ។ ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ជើង​ទី1ប៉ុណ្ណោះ យើង​មិនគួរ​សម្រាក​ឡើយ។ វា​មិនទាន់​ដល់ទី​បញ្ចប់​នៅឡើយ»។

ស្របពេល​ជាមួយគ្នានេះ លោក Michael O’Neill គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង បាន​និយាយថា លោក​ពិតជា​ខកចិត្ត និង​ស្រឡាំងកាំង​មែនទែន ដោយសារតែ​ការសម្រេចចិត្ត​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស ដែល​បានធ្វើ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស ទទួល​ជ័យជម្នះ 1-០ ក្នុងការ​ប្រកួត World Cup វគ្គ Playoff ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍។ លោក O’Neill ដែល​បច្ចុប្បន្ន​ត្រូវតែ​ដឹកនាំ​ក្រុម​របស់លោក​ទៅកាន់​ការប្រកួត​ជើង​ទី2 ក្នុង​ទីក្រុង Basel នៅ​ថ្ងៃអាទិត្យ ខាងមុខនេះ បាន​និយាយ​ទាំង​ខឹងសម្បា​ថា៖ «អាជ្ញាកណ្តាល​មិនបាន​ឃើញ​សកម្មភាព​នោះ​ឲ្យ​បានច្បាស់លាស់​ឡើយ»៕

ប្រភពពី៖ The Guardian

Advertisement