Mayweather ផ្តួល​អ្នក​គុន​ចម្រុះ McGregor សន្លប់​ទឹក​ទី10យ៉ាង​ងាយស្រួល

កីឡាករ​ប្រដាល់ Floyd Mayweather បាន​ផ្តួល​តារា​ប្រយុទ្ធ​ក្នុង​ក្បាច់គុន​ចម្រុះ Conor McGregor សញ្ជាតិ​អៀរ​ឡង់ ឲ្យ​សន្លប់​ដោយ​បច្ចេកទេស​នៅ​ទឹក​ទី10 ក្នុងការ​ប្រកួត​ដែល​ផ្តល់​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​កាលពី​ថ្ងៃ​សៅរ៍ (ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា) ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​យ៉ាង​ល្អឥតខ្ចោះ​របស់គេ។

Mayweather ដែល​បាន​ចាក​ចេញពី​ការចូលនិវត្តន៍​រយៈពេល2ឆ្នាំ​របស់គេ​ក្នុង​វ័យ40ឆ្នាំ​សម្រាប់​ការប្រកួត​នេះ បានធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​របស់គេ​កើន​ដល់50លើក មិនដែល​ចាញ់​ដើម្បី​ឡើងទៅ​ឈរ​ពីលើ​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Rocky Marciano ដែលមាន​កំណត់ត្រា​ឈ្នះ49លើក មិនដែល​ចាញ់ ឬ​ស្មើ។ McGregor ដែលជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​យុទ្ធ​គុន​ចម្រុះ (MMA) និង​បានធ្វើការ​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ​នោះ មិនបាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡា​ប្រយុទ្ធ​ឡើយ ប៉ុន្តែ​បានធ្វើ​ឲ្យ​ការប្រកួត​នេះ​បញ្ចប់​ក្នុង​លទ្ធផល​ដែល​លើសពី​ការ​ព្យាករ​របស់​អ្នកជំនាញ​ភាគច្រើន។ ការប្រកួត​នេះ បានបញ្ចប់​នៅពេលដែល McGregor បាន​រង​នូវ​ការ​វាយ​ឲ្យ​ថយ​ទៅ​ជាប់​នឹង​ខ្សែ​រេញ2លើក និង​ត្រូវបាន Mayweather វាយ​ចំ​គោលដៅ​យ៉ាង​ល្អ​ចំនួន2ដៃ។

McGregor បានចាប់ផ្តើម​យ៉ាង​ល្អ​ក្នុងការ​ប្រកួត​នេះ តាមរយៈ​ការចាប់ផ្តើម​វាយ​សម្រុក​ទៅលើ​ដៃគូភ្លាមៗ ប៉ុន្តែ ចាប់ពី​ទឹក​ទី4ឡើងទៅ Mayweather បានធ្វើការ​គ្រប់គ្រង​លើ​ដៃគូ​របស់ខ្លួន​ទាំងស្រុង។ ក្រោយពី​ការប្រកួត​ដ៏​កក្រើក​នេះ កីឡាករ​មិន​ស្គាល់​ចាញ់​របស់​អាមេរិក​រូប​នេះ​បាន​បញ្ជាក់ថា រូបគេ​នឹងមិន​បង្ហាញខ្លួន​នៅលើ​សង្វៀន​ប្រកួត​ម្តង​ទៀតឡើយ ខណៈដែល​រូបគេ​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ការចូលនិវត្តន៍​ជា​អចិន្ត្រៃយ៍។ Mayweather បាន​បញ្ជាក់ថា៖ «ពិតណាស់ នេះ​គឺជា​រាត្រី​នៃ​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ​ហើយ។ រាត្រី​នេះ គឺជា​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ។ នៅ​រាត្រី​នេះ ខ្ញុំ​បានជ្រើសរើស​យកដៃ​គូ​រាំ​ដ៏​ត្រឹមត្រូវ​ដើម្បី​រាំ​ជាមួយ​ហើយ។ Conor គឺជា​ម្ចាស់​ជើងឯក​ដ៏​ខ្លាំង​ម្នាក់»។

កីឡាករ​អាមេរិក​រូប​នេះ ក៏​នឹងត្រូវ​ទទួលបាន​ប្រាក់​តម្លៃ​ខ្លួន​ប្រមាណ​ជា200លាន​ដុល្លារ​អាមេរិក​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ចំណូល​សរុប​ក្នុង​អាជីព​របស់គេ​មាន​ចំនួន1ពាន់​លាន​ដុល្លារ​អាមេរិក។ ស្របពេល​ជាមួយគ្នានេះ McGregor ដែលជា​តារា​ប្រដាល់​ក្បាច់គុន​ចម្រុះ​ក្នុង​ស្ថាប័ន Ultimate Fighting Championship នោះ​ត្រូវបាន​រំពឹងទុក​ថា ទទួលបាន​តម្លៃ​ខ្លួន100លាន​ដុល្លារ​អាមេរិក៕

ប្រភពពី៖ ESPN

Advertisement