លោក Moyes ត្រៀម​បង្ហាញ​សមត្ថភាព ក្រោយ​ក្លាយជា​គ្រូបង្វឹក​របស់ West Ham

ក្លិប West Ham United នឹង​ផ្តល់​ឲ្យ​លោក David Moyes នូវ​ឱកាស​ក្នុងការ​កសាង​កេ​រិ៍្ត​ឈ្មោះ​របស់លោក ក្រោយពី​ក្លិប​ញញួរ​ធំ​មួយ​នេះ​បានតែងតាំង​លោក​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ពួកគេ ក្នុង​កិច្ចសន្យា​រយៈពេល6ខែ ដែល​អាច​នឹង​បន្ត​រយៈពេល​វែង​ជាង​នេះ ប្រសិនបើ​គ្រូបង្វឹក​វ័យ54ឆ្នាំ​រូបនេះ ធ្វើ​ឲ្យ​ក្រុម​ខ្លួន​មាន​ទម្រង់​លេង​ល្អប្រសើរ។

លោក Moyes ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រប​ស់ West Ham ក្រោយពី​លោក Slaven Bilic ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ លោក​នឹង​ចូលកាន់​ដំណែង​ដោយ​ដឹងថា វា​មាន​ភាព​ដែល​អាចទៅរួច​ក្នុងការ​ទទួលបាន​សំណើ​រយៈពេល2ឆ្នាំ ប្រសិនបើ​លោក​អាច​សង្គ្រោះ​ក្លិប​នេះ​មិន​ឲ្យ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ​កំពូល​បាន។ លោក David Sullivan និង David Gold ដែលជា​សហ​ម្ចាស់​ក្លិប ក៏​ចង់ឃើញ​សញ្ញា​ដ៏​ជាក់លាក់​នៃ​ការធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​នេះដែរ មុនពេល​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​នៅ​ចុងរដូវ​កាល​នេះ។

បើទោះបីជា​វា​ត្រូវបាន​គេ​យល់ឃើញថា លោក Moyes នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ2លាន​ផោន ប្រសិនបើ​លោក​ឈ្នះ​ការ​ប្រជែង​នៃ​ការ​គេច​ឲ្យ​ផុតពី​ការធ្លាក់​ចេញ​ក៏ដោយ ប៉ុន្តែ​លក្ខខណ្ឌ​មួយ​ក្នុង​កិច្ចសន្យា​របស់លោក​នឹង​អនុញ្ញាត​ឲ្យ​ក្លិប West Ham ចាកចេញ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​នូវ​ការចាប់អារម្មណ៍។ ក្លិប​ញញួរ​ធំ​មួយ​នេះ បាន​ចែកផ្លូវ​ជាមួយនឹង​លោក Bilic កាលពី​ថ្ងៃ​ចន្ទ ពោលគឺ​រយៈពេល2ថ្ងៃ ក្រោយពី​ពួកគេ​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 4-1 ក្រោម​ស្នាដៃ​ក្រុម Liverpool ដែល​ធ្វើ​ឲ្យ​សហប្រធាន​ក្លិប​លោក Sullivan និង Gold ជឿជាក់ថា ក្លិប​នេះ​ត្រូវតែមាន​ការផ្លាស់ប្តូរ​ទិសដៅ​ដើម្បី​បញ្ចប់​ភាព​ត្រដាបត្រដួស។

ក្លិប West Ham ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ18 ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​តែ2លើក​គត់​ពី​ការប្រកួត11លើក​នោះ នឹងត្រូវ​ពឹង​ផ្អែកទៅលើ​សមត្ថភាពរ​ប​ស់លោក Moyes ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ដើម្បី​ជួយ​ឲ្យ​ពួកគេ​គេច​ផុតពី​គ្រោះថ្នាក់ បើទោះបី​មានកំណត់​ត្រា​មិនល្អ​នាពេលថ្មីៗនេះ​ក្នុងតួនាទី​ដឹកនាំ​របស់លោក​ក៏ដោយ៕

ប្រភពពី៖ The Guardian

Advertisement