Kane និង Winks នឹង​អវត្តមាន​នៅពេល​អង់គ្លេស ជួប​អាល្លឺម៉ង់ និង​ប្រេ​ស៊ី​ល

ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane ត្រូវបាន​លុបឈ្មោះ​ចេញពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ប្រេ​ស៊ី​ល ក្រោយពី​ការត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​ស្គែ​ន​ទៅលើ​បញ្ហា​របួស​របស់គេ​រួចមក ធ្វើ​ឲ្យ​លោក Gareth Southgate សម្រេចចិត្ត​ឲ្យ​រូបគេ​សម្រាក​តែម្តង។

Harry Kane

Kane បាន​ជួប​បញ្ហា​របួស​ក្នុងពេល​ក្រុម Tottenham Hotspur ដណ្តើមបាន​ជ័យជម្នះ 1-០ លើ​ក្រុម Crystal Palace កាលពី​ថ្ងៃ​សៅរ៍ និង​បាន​ស្នាក់​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ដើម្បី​ទទួលបាន​ការព្យាបាល ខណៈដែល​កីឡាករ​របស់​ក្រុម​អង់គ្លេស​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​បញ្ចូល​ឈ្មោះ​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន St George’s Park។ ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹងត្រូវ​ធ្វើការ​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ។ ខ្សែបម្រើ Harry Winks ដែលជា​មិត្ត​រួម​ក្រុម Spurs របស់ Kane ក៏​នឹងត្រូវ​អវត្តមាន​ផងដែរ ក្រោយពី​បាន​ជួប​បញ្ហា​របួស​កជើង អំឡុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Crystal Palace ដូចគ្នា ដែល​ធ្វើ​ឲ្យ​លោក Southgate កាន់តែ​ខកចិត្ត​ចំពោះ​ការបំពេញ​ក្រុម​របស់លោក​ជាមួយនឹង​កីឡាករឆ្នើមៗរបស់ Spurs។ លោក Southgate បាន​អវត្តមាន​ខ្សែបម្រើ​ឆ្នើម Dele Alli ម្នាក់​រួចទៅហើយ ដោយសារតែ​បញ្ហា​របួស។

Harry Winks

ក្រោយពី​ការដកខ្លួន​របស់ Kane និង Winks ខ្សែបម្រើ Jake Livermore របស់​ក្លិប West Bromwich Albion ត្រូវបាន​កោះហៅ​កាលពី​ថ្ងៃ​ចន្ទ៕

ប្រភពពី៖ The Guardian

Advertisement