លោក​ ​Ranieri​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ ​Fulham​ ​ក្រោយពី​ដឹកនាំ​បាន​ ​16ប្រកួត​ ​

​លោក​ ​Claudio​ ​Ranieri​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្លិប​ ​Fulham​ ​ក្រោយពី​ប្រធាន​ក្លិប​ ​និង​អ្នកគាំទ្រ​បាន​បាត់បង់​ការ​ជឿជាក់​លើ​រូបលោក​។​​ ​ចំណុច​កាត់សេចក្តី​ចុងក្រោយ​សម្រាប់​អ្នកចាត់ការ​ទូទៅ​រូប​នេះ​ ​បាន​កើតឡើង​ក្នុង​ការប្រកួត​ដើម្បី​គេច​ឱ្យ​ផុត​ពី​តំបន់​កាត់ចោល​នៅ​លើទឹក​ដី​ក្រុម​ ​Southampton​ ​កាលពី​ថ្ងៃពុធ​ ​ដែល​នៅពេល​នោះ​ពួកគេ​បាន​ចាញ់​ក្នុង​លទ្ធផល​ ​2​-​០​ ​ហើយ​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ​បាន​ស្រែកច្រៀង​ទៅកាន់​លោក​ ​Ranieri​ ​ថា​ ​«​អ្នក​មិនដឹង​ពី​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​ឡើយ​»​។​

​វា​គឺជា​ការ​បរាជ័យ​លើក​ទី7​ ​ក្នុងចំណោម​ការប្រកួត​ ​8លើក​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​។​ ​លោក​ ​Scott​ ​Parker​ ​គ្រូបង្វឹក​បង្គោល​ក្រុម​ជម្រើស​ទី1​ ​ត្រូវ​បាន​តែងតាំង​ឱ្យ​ដឹកនាំ​ក្នុង​តួនាទី​បណ្ដោះអាសន្ន​។​​លោក​ ​Shahid​ ​Khan​ ​ម្ចាស់​ក្លិប​ ​Fulham​ ​បានឱ្យ​ដឹង​ថា​៖​ ​«​លោក​ ​Claudio​ ​Ranieri​ ​បាន​យល់ស្រប​ជាមួយនឹង​ការសម្រេច​ចិត្ត​របស់ខ្ញុំ​ថា​ ​ការ​ផ្លាស់​ប្តូរ​ ​គឺជា​ការ​ផ្តល់​ផលប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​គ្រប់គ្នា​។​ ​វា​គ្មានអ្វី​ដែល​ខ្ញុំ​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ ​ខណៈ​ដែល​លោក​ ​Claudio​ ​គឺជា​សរុប​ភាពបុរស​ម្នាក់​។​ ​គាត់​មិនមែន​ជា​មនុស្ស​តែម្នាក់​ដែល​ត្រូវ​ស្តី​បន្ទោស​ចំពោះ​ការដែល​យើង​កំពុងតែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​មិនល្អ​នៅពេល​នេះ​ឡើយ​»​។​

​ ​លោក​ ​Ranieri​ ​បាន​ដឹកនាំ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ត្រឹមតែ​ ​16ប្រកួត​ ​ប៉ុន្តែ​បាន​ទទួល​ជ័យជម្នះ​ត្រឹមតែ​ ​3ប្រកួត​គត់​ ​ហើយ​ការ​រង​បរាជ័យ​កាលពី​ថ្ងៃពុធ​ក្រោម​ស្នាដៃ​ក្រុម​ ​Southampton​ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ2​ ​នៅ​បាត​តារាង​ ​ដោយ​ដេញ​តាម​ពីក្រោយ​ក្រុម​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​ដល់ទៅ​ ​10ពិន្ទុ​ ​ខណៈ​ដែល​នៅសល់​ការប្រកួត​ត្រឹមតែ​ ​10លើក​ទៀត​ប៉ុណ្ណោះ​៕





Advertisement