ក្រុមបាល់ទាត់​ថៃ និង​ឥណ្ឌូណេស៊ី ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​ស្ថាប័ន AFC

គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នឹង​ស៊ើបអង្កេត​លើ​ហេតុការណ៍​នៃ​អំពើហិង្សា មុនពេល​ពិន័យ​ជា​ប្រាក់ និង «ព្យួរ​ជើង» ចំពោះ​សមាជិក​របស់​ក្រុម U22 ថៃ និង​ក្រុម U22 ឥណ្ឌូណេស៊ី ដែល​បាន​ចូលរួម​ប្រវាយប្រតប់​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​យប់​ថ្ងៃទី 16 ឧសភា 2023។

ម្ចាស់ផ្ទះ​កម្ពុជា​បាន​ពឹង AFC ជួយ​ចាត់ចែង​វិញ្ញាសា​បាល់ទាត់​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ដូច្នេះ ហេតុការណ៍​ហិង្សា​រវាង​ក្រុម​ថៃ និង​ឥណ្ឌូណេស៊ី នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 16 ឧសភា នឹង​ត្រូវបាន​ប្រមូល​ទិន្នន័យ បញ្ជូន​ទៅកាន់​គណៈកម្មកា​រវិ​ន័យ​របស់ AFC ដើម្បី​ធ្វើការ​ពិន័យ។

«នឹងមិន​មានការ​ពិន័យ​ដកហូត​មេដាយ​ចំពោះ​ក្រុម​ទាំងពីរ ប៉ុន្តែ​កីឡាករ សមាជិក​ក្រុម​គ្រូបង្វឹក​ដែល​បាន​ចូលរួម​វាយតប់​គ្នា ប្រាកដជា​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ និង​ហាម​ចូល​ប្រកួត» មេដឹកនាំ​របស់ AFC ថ្មីៗនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ។ ក៏ប៉ុន្តែ AFC អាច​នឹងត្រូវ​ចំណាយពេល​ប្រហែល​មួយខែ​សម្រាប់​ធ្វើការ ទើប​អាច​ឈានដល់​ការដាក់ពិន័យ។

ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើតឡើង​ម្ដងមកហើយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​កាលពី​ឆ្នាំ 2011 រវាង​ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ កាលណោះ អ្នកគាំទ្រ​នាំគ្នា​សម្រុកចូល វាយតប់​គ្នា​នៅលើ​វេទិកា​ទស្សនិកជន បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត។ ក្រុម​ម៉ាឡេស៊ី​ត្រូវបាន​គណៈកម្មការ​ប្រើប្រាស់​រថពាសដែក អមដំណើរ​ទៅកាន់​ព្រលានយន្តហោះ​ត្រលប់​ទៅ​មាតុភូមិ ក្រោយពី​ការប្រកួត 120 នាទី​បាន​លទ្ធផល 1-1 និង​ឈ្នះ​ឥណ្ឌូណេស៊ី 4-3 បាន​មេដាយមាស ពេល​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់៕

Advertisement