កីឡាករ​ថៃ​ថា​នឹង​ផ្ដួល​​វៀតណាមដើម្បី​នាំមុខ​នៅ​ពូ​ល A មុន​ការ​​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​កម្ពុជា

ខ្សែការពារ Jonathan Khemdee អះអាងថា នឹង​ផ្ដួល​វៀតណាម ដើម្បី​គ្រប់គ្រង​ពូ​ល B និង​បង្កើន​កម្លាំងចិត្ត​មុនពេល​ចូល​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​ថៃ និង​វៀតណាម សុទ្ធតែ​បានឈ្នះ​ក្នុង​បី​ប្រកួត​កន្លង និង​ដណ្ដើមបាន​សំបុត្រ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023។ ការ​ប៉ះគ្នា​រវាង U-22 ថៃ និង U-22 វៀតណាម ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 11 ឧសភា គ្រាន់តែ​ជាការ​ដណ្ដើម​តំណែង​គ្រប់គ្រង​ពូ​ល B តែប៉ុណ្ណោះ។ ដោយសារ​តែមាន​គ្រាប់​បាល់​ចំណេញ (+7) ខ្ពស់​ជាងគេ ដូច្នេះ U-22 ថៃ ត្រូវការ​ស្មើ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ គឺ​រក្សាបាន​តំណែង​កំពូល​តារាង។

Jonathan Khemdee បាន​អះអាងថា គាត់ និង​មិត្ត​រួម​ក្រុម​កំពុង​ឆ្ពោះទៅរក​ជ័យជម្នះ។ «ទាំង​ថៃ ទាំង​វៀតណាម សុទ្ធតែ​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​ការប្រកួត​ដែល​ជិត​មកដល់​នៅតែ​សំខាន់។ … ការ​ផ្ដួល​វៀតណាម​នឹង​ជួយ​ឱ្យ​ស្មារតី​របស់​ពួកយើង​ឡើងដល់​កម្រិត​ខ្ពស់ មាន​ទំនុកចិត្ត​ដើម្បី​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ» Jonathan Khemdee បញ្ជាក់​ដូច្នេះ។

ថៃ​គឺជា​ក្រុមបាល់ទាត់​ដែលមាន​សមិទ្ធផល​ល្អ​​ច្រើនជាងគេ​នៅ​ស៊ី​ហ្គេម ដោយ​ដណ្ដើមបាន​មេដាយមាស 16 លើក ខណៈដែល​វៀតណាម គឺជា​ម្ចាស់​ជើងឯក​បន្តបន្ទាប់​នៅ​ពីរ​រដូវ​កាល​ចុងក្រោយ​នេះ។ នៅ​ស៊ី​ហ្គេម​លើក​ទី 31 (ឆ្នាំ 2022) ថៃ​បាន​ចាញ់​វៀតណាម ក្នុង​លទ្ធផល 0-1 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នាំឱ្យ​វៀតណាម​ដណ្ដើមបាន​មេដាយមាស​ជាថ្មី។

Jonathan Khemdee

Jonathan Khemdee បញ្ជាក់ថា «វៀតណាម​ជា​គូប្រជែង​ខ្លាំង…ប៉ុន្តែ ជ័យជម្នះ​នឹង​បានមក​លើ​ថៃ។ ឆ្នាំនេះ យើង​ប្ដេជ្ញា​ថា​នឹង​ផ្ដួល​រាល់​គូប្រកួត នាំ​មេដាយមាស​មក​ប្រទេស​ថៃ»។

Jonathan Khemdee កើត​ឆ្នាំ 2001 នៅ​ប្រទេស​ដា​ណឺ​ម៉ាក និង​ត្រូវបាន​បណ្ដុះបណ្ដាល​នៅក្នុង​ក្លឹបបាល់​ទាត់​ Odense Boldklub។ ឆ្នាំ 2023 ខ្សែការពារ​កណ្ដាល​រូបនេះ​ទាត់​ឱ្យ​ក្លឹប Ratchaburi របស់​ប្រទេស​ថៃ។ កីឡាករ​នេះ​ត្រូវបាន​ថៃ​ចុះឈ្មោះ​ឱ្យចូល​រួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ប៉ុន្តែ​ក្នុង​បី​ប្រកួត​ដំបូង មិនបាន​ចូលរួម។ Jonathan Khemdee ទើបតែ​មកដល់​កម្ពុជា​កាលពី​ម្សិលមិញ ដោយសារតែ​មួយថ្ងៃ​មុន​នោះ​ត្រូវ​ទាត់​ក្នុងការ​ប្រកួត​រវាង Ratchaburi និង Buriam នៅ Thai League។

កាលពីពេលថ្មីៗនេះ Jonathan Khemdee ឱ្យដឹងថា បច្ចុប្បន្ន​ថ្វីបើ​អស់កម្លាំង​បន្តិច​មែន ប៉ុន្តែ​បាន​អះអាងថា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូល​ទាត់​ក្នុង​ការ​ប្រកួត​រវាង U-22 ថៃ និង U-22 វៀតណាម ដែល​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 19 ថ្ងៃទី 11 ឧសភា នៅលើ​ទីលាន​របស់​កីឡដ្ឋាន​ព្រី​នស៍ (កីឡដ្ឋាន​ក្លិប​វិសាខា) ស្ថិតនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធាន​នី​ភ្នំពេញ៕

Advertisement