ស៊ី​ហ្គេម​លើក​ទី 32​៖ គោលដៅ​ដណ្ដើម​មេដាយមាស​របស់​បណ្ដា​ក្រុម​អត្ត​ព​លិ​ក 11 ប្រទេស

នៅស៊ីហ្គេមលើកទី 31 កម្ពុជាដណ្ដើមមេដាយបាន 63 គ្រឿង

បើសិន​សម្រេចបាន​គោលដៅ​ដែល​បានកំណត់ ក្រុម​អត្ត​ព​លិ​ក​ថៃ​នឹង​ឈរ​លំដាប់​លើ​គេ​បង្អស់​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ខណៈ​កម្ពុជា​នឹង​បាន​មេដាយ​ច្រើនជាង​ទ្វេដង​ធៀប​នឹង​មេដាយ​ដែល​ដណ្ដើម​បាន​កាល​ពី​​ស៊ី​ហ្គេម​លើក​ទី 31។

ប្រទេស​ថៃ​កំណត់​គោលដៅ​ដណ្ដើម​មេដាយមាស​ឱ្យបាន 162 គ្រឿង ជិត​ស្មើនឹង​ទ្វេដង​ធៀប​នឹង 92 គ្រឿង​នៅ​ស៊ី​ហ្គេម​រដូវ​កាល​មុន​ដែល​ធ្វើ​នៅ​វៀតណាម។ អត្ត​ព​លិ​ក​ថៃ 847 នាក់ ចូលរួម​ប្រកួត​ក្នុង 36 លើ 37 ប្រភេទ​កីឡា​​នៅ​ស៊ី​ហ្គេម​លើក​នេះ។

ចំណែក​វៀតណាម​វិញ គោលដៅ​នៃ​ការដណ្ដើម​មេដាយមាស​របស់​ពួកគេ​គឺ​ចាប់ពី 89 ដល់ 120 គ្រឿង ថយចុះ​ជាង​ពាក់កណ្ដាល​ធៀប​នឹង 205 គ្រឿង​កាលពី​រដូវ​កាល​មុន។ វៀតណាម​ចូលរួម​ប្រកួត 31 ក្នុងចំណោម 37 វិញ្ញាសា ដោយមាន​អត្ត​ព​លិ​ក 702 នាក់។

ឥណ្ឌូណេស៊ី​ដែល​ចូលរួម​ស៊ី​ហ្គេម​ដោយមាន​អត្ត​ព​លិ​ក 905 នាក់ ខណៈ​សិង្ហ​បុរី មាន 558 នាក់ មិនបាន​កំណត់​គោលដៅ​ជាក់លាក់ ប៉ុន្តែ​ថា​ប្រឹងប្រែង​ដណ្ដើម​មេដាយ​ឱ្យបាន​ច្រើនជាង​រដូវ​កាល​មុន ដែល​​ពួក​គេ​ដណ្ដើមបាន​មេដាយមាស 69 និង 47 គ្រឿង។ ដូចគ្នានេះដែរ មី​យ៉ាន់​ម៉ា​ក៏​ថា​នឹង​ខំ​រក​មេដាយមាស​ឱ្យបាន​ច្រើនជាង 9 គ្រឿង, ឡាវ (ច្រើនជាង​ពីរ​គ្រឿង), ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ (ច្រើនជាង​មួយគ្រឿង)។ ហ្វ៊ី​លី​ពី​ន​ពូកែ​ខាង​វិញ្ញ​សា​គុន កាយសម្ព័ន្ធ ឬ​បាល់បោះ ខណៈ​កីឡាហែលទឹក​គឺជា​ជំនាញ​របស់​សិង្ហ​បុរី។

បណ្ដា​ក្រុម​កីឡាដែលដណ្ដើម​បាន​មេដាយ​នៅ​ស៊ីហ្គេម​លើក​ទី 31

ប្រទេស​ម៉ាឡេស៊ី​ដែលមាន​អត្ត​ព​លិ​ក 677 នាក់ កំណត់​គោលដៅ​ដណ្ដើម​មេដាយមាស​ឱ្យបាន 40 គ្រឿង។

រីឯ​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​វិញ ក៏​កំណត់​គោលដៅ​ដណ្ដើម​មេដាយ​​ឱ្យបាន​ច្រើនជាង​ទ្វេដង​ធៀប​នឹង 63 គ្រឿង (មាស 9 គ្រឿង, ប្រាក់ 13 គ្រឿង និង​សំរឹទ្ធ 41 គ្រឿង) កាលពី​ស៊ី​ហ្គេម​លើក​មុន។ កម្ពុជា​សង្ឃឹមថានឹង​អាច​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​នៅក្នុង​វិញ្ញាសា​ជំនាញ​របស់ខ្លួន​រួមមាន ចត្រង្គ គុន​ខ្មែរ និង​គុន​ល្បុក្កតោ​ជាដើម។

​ស៊ី​ហ្គេម​លើក​ទី 32 នេះ មាន​កីឡា​សរុប​ចំនួន 37 ប្រភេទ ក្នុងនោះ​មាន 608 វិញ្ញាសា (ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ)។ ​ស៊ី​ហ្គេម​លើក​ទី 31 នៅ​ប្រទេស​វៀតណាម និង 30 នៅប្រទេស​​ហ្វ៊ី​លី​ពី​ន មាន​វិញ្ញាសា​សរុប​បន្តបន្ទាប់​គឺ 526 និង 531៕

Advertisement