U-22 វៀតណាម ចាញ់​គូប្រកួត 2-3 នៅមុន​ថ្ងៃ​ស៊ី​ហ្គេម​មកដល់

U-22 វៀតណាម ចាញ់​គូប្រកួត នៅ​មុន​​ស៊ី​ហ្គេម​មកដល់

ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​ប្រទេស​វៀតណាម ដែលជា​ក្រុម​នឹងត្រូវ​មក​ប្រកួត​នៅ​កម្ពុជា កាល​ពី​ម្សិល​មិញ​បាន​ចាញ់ 2-3 ក្នុងការ​ប្រកួត​មិត្តភាព​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32។

នៅលើ​ទីលាន​បាល់ទាត់​នៅ Ba Ria – Vung Tau ប្រទេស​វៀតណាម កាលពី​ព្រលប់​ថ្ងៃទី 21 មេសា TP HCM (ក្លឹប​បាល់ទាត់​នៅ​ទីក្រុង​ព្រៃនគរ) បាន​បញ្ចេញ​ក្រុម​ជើង​ខ្លាំង​បំផុត​ដែលមាន​កីឡាករ​ពី​បរទេស រួម​នឹង​កីឡាករ​ចូលសញ្ជាតិ Hoang Vu Samson ខណៈដែល U-22 វៀតណាម ក៏​ប្រើប្រាស់​ក្រុម​កីឡាករ​ដែលមាន​សម​ត្ថ​ភាពមិន​អន់​នោះដែរ។

នៅ​ចំពោះមុខ​គូប្រកួត​ដែល​សម្បូរ​បទពិសោធន៍​នៅ V-League ក្រុម​ជម្រើសជាតិ U-22 វៀតណាម នៅតែ​អាច​រកបាន​មួយ​គ្រាប់​មុនគេ។ ប៉ុន្តែ មុនពេល​បញ្ចប់​តង់​ទីមួយ ក្លឹប TP HCM ក៏​រកបាន​គ្រាប់​បាល់​ស្មើ 1-1 ដោយ​ថ្វី​ជើង​របស់ Victor Mansaray។

ចូលដល់​តង់​ទី​ពីរ ក្លឹប TP HCM ក៏បាន​នាំមុខ 2-1។ ជិត​ដល់​ចុង​តង់​ទី​ពីរ U-22 វៀតណាម ទទួលបាន​បាល់​ពិន័យ ហើយក៏​រកបាន​គ្រាប់​បាល់​ស្មើ 2-2។

ថ្វីបើ U-22 វៀតណាម​បាន​ខំប្រឹង​រក្សា​យុទ្ធសាស្ត្រ​ប្រកួត ប៉ុន្តែ TP HCM នៅតែមាន​ប្រៀប​ផ្នែក​បទពិសោធន៍​ក្នុងពេល​វាយលុក និង​រកបាន​គ្រាប់​បាល់​ទី​បីដែល​នាំ​ឱ្យ​ U-22 វៀតណាម ត្រូវ​ចាញ់ 2-3។

ចប់​ការប្រកួត​ខាងលើ U-22 វៀតណាម​នៅមាន​មួយ​ប្រកួត​ទៀត​ដែលជា​ការប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​លេខ​មួយ​របស់ Ba Ria – Vung Tau ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 24 មេសា។ ក្រោយ​ការប្រកួត​នេះ គ្រូបង្វឹក Toussier របស់ U-22 វៀតណាម នឹង​ជម្រុះ​យក​កីឡាករ​តែ 20 នាក់ ក្នុងចំណោម 31 នាក់​នាបច្ចុប្បន្ន ដើម្បី​ចេញដំណើរ​មក​ប្រកួត​នៅ​កម្ពុជា នៅ​ថ្ងៃទី 26 មេសា៕

Advertisement