ភូមិ​កីឡា​សម្រាប់​ទទួល​ប្រតិភូ​កីឡា​បរទេស ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

(ភ្នំពេញ) – ភូមិ​កីឡា​ជាទី​សម្រាប់​ទទួល​ប្រតិភូ​កីឡា និង​អត្ត​ព​លិ​ក​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 និង ប៉ា​រ៉ា​ហ្គេម លើក​ទី 12 ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី 20 មេសា 2023។ នេះ​បើ​យោង​តាម​គេហ​ទំព័រ Cambodia2023 ចុះផ្សាយ​នា​ព្រឹក​ថ្ងៃទី 21 មេសា។

ពិធី​ក្រុង​ពាលី និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍-អាស៊ាន​ប៉ា​រ៉ា​ហ្គេម (CAMSOC-CAMAPGOC) រួមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​អ្នកសារព័ត៌មាន​យ៉ាងច្រើន​ផងដែរ។

សម្តេច​ពិជ័យ​សេនា រំពឹងថា ប្រតិភូ​កីឡា​របស់​បណ្ដា​ប្រទេស​ដែល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា នឹង​ទទួលបាន​នូវ​ផាសុកភាព ហើយ​ថា ម្ចាស់ផ្ទះ​កម្ពុជា​បានរៀបចំ​ជូន​រួចរាល់​ជាស្រេច។

ភូមិ​កីឡា​មាន​គ្រែ​ចំនួន 3,700 ស្ថិតនៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ភូមិ​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ 2020 ដោយ​ក្រុមហ៊ុន World Bridge Sport Village។ ទីនេះ​នឹង​ផ្តល់​ជា​កន្លែង​ស្នាក់នៅ​សម្រាប់​អត្ត​ព​លិ​ក អាជ្ញាកណ្ដាល ចៅក្រម និង​ប្រតិភូ​កីឡា ដែល​ចូលរួម​នៅក្នុង​ស៊ី​ហ្គេម​លើក​ទី 32 និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី 12។

យោងតាម CAMSO ក្រៅពី​ភូមិ​កីឡា​ខាងលើ កម្ពុជា​ក៏បាន​រៀបចំ​សណ្ឋាគារ​ចំនួន 11 កន្លែង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​អត្ត​ព​លិ​ក មន្ត្រី និង​ប្រតិភូ​កីឡា ស្នាក់នៅ។ សណ្ឋាគារ​ទាំងនេះ​ស្ថិតនៅ​ជិត​ពហុ​កីឡដ្ឋាន​ជាតិ មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័​ណ៍​អន្តរជាតិ​ជ្រោយចង្វារ (OCIC) និង​ទីតាំង​ប្រកួត​មួយចំនួនទៀត៕

Advertisement