(ស៊ីហ្គេម​ 2023) – គ្រូបង្វឹក​បង្ហើប​អំពី​ដំណឹង​មិនល្អ​សម្រាប់​ក្រុមបាល់ទាត់​ U-22 ​ថៃ​

ក្រុម​កីឡាករបាល់​ទាត់​ U-22 របស់​ប្រទេស​ថៃ

គ្រូបង្វឹក​ថៃ Issara Sritaro បានឱ្យដឹងខ្លះៗអំពី​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​ធនធានមនុស្សរ​បស់​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​នេះ នៅមុន​ការចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (ស៊ី​ហ្គេម​លើក​ទី 32)។

កាលពី​ថ្ងៃទី 20 មេសា U-22 ថៃ បានធ្វើការ​សាកល្បង​ក​ម្លាំ​ង​កាយ​នៅមុន​ពេល​ឈាន​ចូលដល់​ការហ្វឹកហាត់​ចុងក្រោយ​ដើម្បី​ឆ្ពោះ​មកកាន់​ស៊ី​ហ្គេម​លើក​ទី 32 នៅ​កម្ពុជា។

មុន​នោះ គ្រូបង្វឹក Issara Sritaro បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ 29 រូប​សម្រាប់​ការហ្វឹកហាត់​លើកចុងក្រោយ​នេះ ក្នុងនោះ​មាន​ទាំង​កីឡាករ​ទាត់​នៅ​បរទេស​ពីរ​នាក់ រួមមាន Achitphon Kirirom ​កំពុង​ទាត់​ឱ្យ​ក្លឹប Augsburg II នៅ​អាល្លឺម៉ង់ និង Chayapipat Suphanphen ទាត់​ឱ្យ​ក្លឹប Estoril Praia នៅ​ព័រទុយហ្កាល់។ ក៏ប៉ុន្តែ ថ្មីៗនេះ Sritaro បាន​ជូនដំណឹង​មិនល្អ​ដល់​អ្នកគាំទ្រ​ទាក់ទង​នឹង​ស្ថានភាព​ធនធានមនុស្សរ​បស់ U-22 ថៃ។

លោក Sritaro ឱ្យដឹងថា លទ្ធភាព​ដែល​ខ្សែប្រយុទ្ធ​សំខាន់ Teerasak Poeiphimai ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នៅតែ​ស្រពេចស្រពិល។ «Teerasak បង្ហើប​ឱ្យដឹងថា តំណាង U-22 ថៃ កំពុង​ចរចា​ជាមួយ​មេដឹកនាំ​ក្លឹប Port FC ស្ដីពី​ករណី​របស់គាត់» លោក Sritaro បញ្ជាក់​ដូច្នេះ ប៉ុន្តែ​លោក​បាន​អះអាងថា «…បើ​មិនមាន Teerasak នៅ​ស៊ី​ហ្គេម​លើក​ទី 32 …យើង​មាន​មនុស្ស​មក​ជំនួស»។

គ្រូបង្វឹក​ U-22 ថៃ លោក Issara Sritaro

Teerasak Poeiphimai ត្រូវបាន​ចាត់ទុកថា​ជា​ក្ដីសង្ឃឹម​នៅ​ខ្សែប្រយុទ្ធ​របស់ U-22 ថៃ នាបច្ចុប្បន្ន។ កីឡាករ​កើត​ឆ្នាំ 2002 រូបនេះ រកបាន 6 គ្រាប់​រួចហើយ​ក្រោយ 20 ប្រកួត​នៅ Thai League នា​រដូវ​កាល​នេះ។

កីឡាករ​កម្ពស់ 1.8 ម៉ែត្រ Teerasak ក៏បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​នៅ Doha Cup 2023 នាពេល​កន្លង ដូច្នេះ​បើសិន​មិនមាន Teerasak ក្រុម U-22 នឹង​អាច​ខាតបង់​ច្រើន​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

Teerasak Poeiphimai

​នៅ​ស៊ី​ហ្គេម​ 2023 ក្រុម U-22 ថៃ​ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​ក្រុម​ម្ចាស់​មេដាយមាស​វៀតណាម រួម​នឹង​ក្រុម​ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ថៃ​ត្រូវ​ទាត់​បើកឆាក​ជាមួយ​សិង្ហ​បុរី​នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។ ការប្រកួត​ដែល U-22 ថៃ​ត្រូវ​ប្រុងប្រយ័ត្ន​ជាងគេ​គឺ​ការ​ប៉ះ​នឹង​ក្រុម​វៀតណាម​នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល ដែល​នឹង​ប្រកួត​នៅ​ថ្ងៃទី 11 ឧសភា៕

Advertisement