ប្រតិភូ​កីឡា​ស៊ីហ្គេម​វៀតណាម​ធ្វើ​ពិធី​ចេញដំណើរ​មក​កម្ពុជា

«ពិធី​បញ្ចេញ​ទ័ព» របស់​ប្រតិភូ​កីឡា​វៀតណាម​ដែល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ត្រូវបាន​ធ្វើឡើង​នៅឯ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា​ហាណូយ កាលពី​ព្រលប់​ថ្ងៃទី 19 មេសា។

នៅក្នុង​ពិធី​នេះ ឧបនាយករដ្ឋមន្ត្រី​វៀតណាម Le Minh Khai បាន​និយាយថា «លើក​នេះ​មិនមាន​អំណោយផល​ល្អ​ដូច​ស៊ី​ហ្គេម​លើក​ទី 31 ប៉ុន្តែ ដោយវៀតណាម​មាន​សមត្ថភាព​ផ្នែក​កីឡា​​នៅក្នុង​តំបន់ និង​​តែងតែ​ស្ថិតក្នុង​ក្រុម​នាំមុខគេ​ចាប់ពី​ស៊ី​ហ្គេម​ទី 22 យើង​នឹង​សម្រេចបាន​គោលដៅ​ដែល​បានកំណត់ ឬ​អាច​ខ្ពស់ជាង​នេះ​»។

លោក Dang Ha Viet អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​វៀតណាម​នៅ​ស៊ី​ហ្គេម​លើក​ទី 32 បាន​និយាយថា ក្រុម​វៀតណាម​មាន​សមាជិក 1,003 នាក់ ក្នុងនោះ​មាន 702 នាក់​ជា​អត្ត​ព​លិ​ក, 189 នាក់​ជា​គ្រូបង្វឹក, 10 នាក់​ជា​អ្នកជំនាញ។ ក្រុម​វៀតណាម​នឹង​ប្រកួត​ 30 វិញ្ញាសា​ក្នុងចំណោម 36 វិញ្ញាសា។ យោងតាម​លោក Dang Ha Viet ក្រុមកីឡា​វៀតណាម​ប្ដេជ្ញាចិត្ត​ដណ្ដើម​មេដាយមាស​ឱ្យបាន​ពី 89 ទៅ 120 គ្រឿង។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​ពីថ្ងៃ​ទី 05 ឧសភា ដល់ 17 ឧសភា 2023 នៅ​រាជធានី​ភ្នំពេញ, ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប។ ស៊ី​ហ្គេម​លើក​នេះ​នឹងមាន​សមាជិក​ក្រុមកីឡា​សរុប​ចំនួន 12,404 នាក់។

នៅ​ស៊ី​ហ្គេម 2023 កម្ពុជា​លើកយក​វិញ្ញាសា​ចំនួន 37 មក​ដាក់ឱ្យ​ប្រកួត ក្នុងនោះ​មាន 36 វិញ្ញាសា​មាន​មេដាយ និង​មួយ​វិញ្ញាសា​សម្រាប់​សម្ដែង គឺ Teqball (បាល់ទាត់​លើ​តុ)។

តាម​ផែនការ ក្រុមកីឡា​ជាច្រើន​របស់​វៀតណាម​នឹងធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី 03 ឧសភា ខណៈ​ក្រុម​មួយចំនួន​នឹងត្រូវ​ឆាប់​ចេញ​ដំណើរ ដោយសារតែ​មានវិញ្ញាសា​ខ្លះ​ត្រូវ​​ប្រកួត​មុន ក្នុងនោះ​មាន​បាល់ទាត់ និង​ប្រណាំង​ទូកក្ដោង​ជាដើម។ល។

Advertisement