គ្រូបង្វឹក​ឥណ្ឌូណេស៊ី «ដេក​មិន​លក់ បក់​មិន​ល្ហើយ» ពេល Ronaldo មិនទាន់​ប្រាកដថា ទាត់​នៅ​ស៊ី​ហ្គេម

គ្រួ​បង្វឹក Indra Sjafri ទទួលស្គាល់ថា លោក​មិនទាន់​ទទួលបាន​ចម្លើយ​ពី Ronaldo Kwateh បន្ទាប់ពីបាន​កោះ​ហៅ​​​កម្លាំង​បន្ថែម 7 នាក់​ទៀត​ពី​​​ក្រុម U-20 ឱ្យ​ឡើងមក​កាន់ U-22 ដើម្បី​​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​នឹង​ធ្វើឡើង​នៅ​កម្ពុជា​នា​ពេល​ខាងមុខ។

ថ្មីៗនេះ ទំព័រ Bola Times របស់​ឥណ្ឌូណេស៊ី បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅពេល​សរសេរថា «Ronaldo Kwateh មិន​ទទួលយក​ការកោះហៅ​មកកាន់​ក្រុម U-22 ឥណ្ឌូណេស៊ី តើ​គាត់​មិន​ចាប់អារម្មណ៍​ដល់​ការប្រកួត​នៅ​ស៊ី​ហ្គេម 2023?»។

កន្លងទៅថ្មីៗនេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការដណ្ដើម​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 គ្រូបង្វឹក​របស់ U-22 ឥណ្ឌូណេស៊ី​លោក Indra Sjafri បាន​ពិភាក្សា​ជាមួយ​គ្រូបង្វឹក Shin Tae Yong ដើម្បី​ធ្វើការ​កោះហៅ​កីឡាករ 7 នាក់​នៅ U-20 ឱ្យ​ឡើងមក​កាន់ U-22 របស់​ប្រទេស​នេះ ក្នុងនោះ​មាន Ronaldo Kwateh, Hokky Caraka, Daffa Fasya, Muhamamad Ferrari, Doni Tri Pamungkas, Ahmad Maulana និង Marselino Ferdinan។

ក៏ប៉ុន្តែ ទំព័រ Bola Times ដកស្រង់​សម្ដី​របស់លោក Indra Sjafri ឱ្យដឹងថា រហូតមកដល់​ពេលនេះ លោក​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី Ronaldo Kwateh នៅឡើយ ក្រោយពី​បាន​កោះហៅ​ឱ្យមក​កាន់ U-22 ឥណ្ឌូណេស៊ី ដើម្បី​ត្រៀម​ធ្វើដំណើរ​មក​កម្ពុជា។

Ronaldo Kwateh (ឆ្វេង)

Ronaldo Kwateh គឺជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 នៅ​វៀតណាម។ Ronaldo Kwateh ធ្លាប់​ចូល​ប្រកួត​នៅ​ពានរង្វាន់​ជើងឯក​ថ្នាក់ជាតិ​ឥណ្ឌូណេស៊ី​ពេល​មាន​អាយុ​ទើបតែ 16 ឆ្នាំ។ បច្ចុប្បន្ន កីឡាករ​រូបនេះ​កំពុង​ទាត់​ឱ្យ​ក្លឹប Bodrumspor នៅ​​ប្រទេស​តួ​ក​គី។

ទន្ទឹមនឹង Ronaldo Kwateh កីឡាករ​បី​រូប​ផ្សេងទៀត​ដែល​កំពុង​ទាត់​ឱ្យ​ក្លឹប​បរទេស និង​ត្រូវបាន​កោះហៅ ក៏​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ដែរ ព្រោះ​កំពុង​បំពេញការងារ​របស់​ពួកគេ។ ក៏ប៉ុន្តែ យោងតាម​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) បច្ចុប្បន្ន​មាន​កីឡាករ​បីនាក់​ក្នុងចំណោម 7 នាក់​នៅ​ក្រុម U-20 ដែល​ត្រូវបាន​កោះហៅ បានមក​ដល់​ប្រទេស​កាលពី​ថ្ងៃទី 02 មេសា រួមមាន Hokky Caraka, Made Tito Wiratama និង Daffa Fasya៕

Advertisement