Cristiano Ronaldo ជួយ​ឱ្យក្លឹប Al-Nassr យកឈ្នះ​លើ Man United ស្ដីពី​សមិទ្ធផល​ដែល​ពិបាក​ស្មាន​ដល់

ថ្មីៗនេះ កំពូល​តារាបាល់ទាត់ Cristiano Ronaldo បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះតែ​សមិទ្ធផល​ដ៏​អស្ចារ្យ​ដែល CR7 ធ្វើបាន​សម្រាប់ Al-Nassr ដោយ​ជួយ​ឱ្យ​ក្លឹប​នេះ​យកឈ្នះ​លើ Manchester United ដែល​គ្រប់គ្នា​នឹក​ស្មាន​មិន​ដល់។

ចាប់តាំងពី​បាន​ចូលរួម​ជាមួយនឹង​ក្លឹប Al-Nassr កីឡាករ Ronaldo បាន​នាំមក​នូវ​ការផ្លាស់ប្ដូរ​យ៉ាងច្រើន​ដល់​ក្រុមបាល់ទាត់​ដែល​មិនមាន​ឈ្មោះ​ល្បី​នៅក្នុង​ផែនទី​បាល់ទាត់​ពិភពលោក។ ក្រៅពី​ការរកបាន​គ្រាប់​បាល់ ឬ​បង្ក​ឱកាស​រកបាន​គ្រាប់​បាល់ កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល់​ថែមទាំង​បាន​ជួយ​​ឱ្យ​​ចំនួន​នៃ​ការធ្វើ​អន្តរ​កម្ម​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្លឹប Al-Nassr ឡើងដល់​តួលេខ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

យោងតាម DeporFinanzas កំពូល​ថ្វី​ជើង CR7 បាន​ជួយ​ឱ្យ Al-Nassr សម្រេចបាន​ 150 លាន​លើក​ស្ដីពី​ការទាក់ទង​គ្នា​រវាង​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្លឹប និង​អ្នកគាំទ្រ។ តួលេខ​នេះ​ច្រើនជាង 149 លាន​លើក​របស់ Man United ជា​ក្លឹប​ដែល Ronaldo ធ្លាប់បាន​សាង​កេរ្តិ៍ឈ្មោះ​កាលពី​អតីតកាល។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាង​នេះ នោះ​គឺ វត្តមាន​របស់ Ronaldo ក៏បាន​ជួយ​ឱ្យ​ក្លឹប Al-Nassr ឡើងដល់ Top 10 ក្នុង​ចំណោម​​បណ្ដា​ក្លឹប​បាល់ទាត់​ទូទាំង​ពិភពលោក​ដែលមាន​ឥទ្ធិពល​ជាងគេ​លើ​បណ្ដាញ​សង្គម​ផងដែរ។

ក្នុងចំណោម​ក្លឹប​ទាំង 10 ដែលមាន​ឥទ្ធិពល​ជាងគេ​លើ​ពិភព​បណ្ដាញ​សង្គម Real Madrid កំពុង​នាំមុខគេ ដោយមាន​ការធ្វើ​អន្តរ​កម្ម​ចំនួន 209 លាន​លើក ខណៈ PSG ឈរ​លំដាប់​ទី​បី។ ក្រៅពីនេះ​ក៏​នៅមាន​បណ្ដា​ក្លឹប​ដែល CR7 ធ្លាប់បាន​លេង និង​កំពុង​លេង​ឱ្យ រួមមាន Man United, Real Madrid និង Al-Nassr។

ប្រការ​ខាងលើ​បង្ហាញថា បើទោះជា​ចាក​ឆ្ងាយ​ពីពិភព​​បាល់ទាត់​លំដាប់​​កំពូល​ក្នុង​វ័យ​ 38 ឆ្នាំ ប៉ុន្តែ​ឥទ្ធិពល​របស់ Ronaldo នៅតែ​ខ្លាំង​ ហួស​ពី​ការ​ស្មាន​របស់​អ្នកគាំទ្រ៕

Advertisement