ក្រុម​បាល់​ទាត់​ U-22 ឥណ្ឌូណេស៊ី​ អាច​ត្រូវ FIFA ហាម​​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ​?

ប្រធាន​​សហ​ព័​ន្ទ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី នៅតែ​បារម្ភ​ចំពោះ​ទណ្ឌកម្ម​បន្ថែម​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) អាច​នឹង​ដាក់​មកលើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី។

យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ចែក​ពូ​ល U-22 ឥណ្ឌូណេស៊ី​ហាក់​មាន​សំណាងល្អ​នៅពេល​អាច​គេច​ពី​ការ​ប្រឈម​នឹង​វៀតណាម និង​ថៃ។ ក៏ប៉ុន្តែ បច្ចុប្បន្ន ឥណ្ឌូណេស៊ី​កំពុង​បារម្ភ​ចំពោះ​ទណ្ឌកម្ម​ពី FIFA។

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ថ្លែងថា «PSSI នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ FIFA។ យើង​សង្ឃឹមថា ឥណ្ឌូណេស៊ី​នៅតែ​អាច​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​ដើម្បី​សម្រេច​គោលដៅ​ដណ្ដើម​មេដាយមាស»។

ក្រោយពី​ត្រូវបាន FIFA ដកហូត​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 World Cup 2023 ព្រោះតែ​បញ្ហានយោបាយ​ទាក់ទង​នឹង​អ៊ីស្រាអែល ឥណ្ឌូណេស៊ី​កំពុងមាន​ហានិភ័យ​ត្រូវ​ទទួល​ទណ្ឌកម្ម​បន្ថែម។ ក៏ប៉ុន្តែ នៅសល់​ពេល​មិន​ដល់​មួយខែ​ទៀត​ប៉ុណ្ណោះ ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​នៅ​កម្ពុជា នឹងត្រូវ​ចាប់ផ្ដើម ដូច្នេះ ទណ្ឌកម្ម​ថ្មី​មកលើ​ឥណ្ឌូណេស៊ី ទំនងជា​ពិបាក​លេច​ជា​រូប​រាង​៕

Advertisement