លោក Puel ជួប​ការរីករាយ​ថ្ងៃ​បើកឆាក ខណៈ Leicester ផ្តួល Everton

លោក Claude Puel ដែលជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម Leicester បាន​បញ្ជាក់ថា ការទទួល​ជ័យជម្នះ​លើ​ក្រុម​ទូកក្តោង Everton ក្នុង​លទ្ធផល 2-0 កាលពី​ថ្ងៃអាទិត្យ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុងការ​ចាប់ផ្តើម​ការងា​រ​ក្នុងនាម​ជា​គ្រូបង្វឹក​របស់លោក។

អតីត​គ្រូបង្វឹក​របស់​ក្លិប Southampton រូបនេះ ដែល​ត្រូវបានតែងតាំង​កាលពី​ថ្ងៃ​ពុធ ដើម្បី​ជំនួស​កន្លែង​របស់លោក Craig Shakespeare នោះ បានឃើញ Jamie Vardy បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​តំបន់​ប្រយុទ្ធ ហើយ​កីឡាករ Demarai Gray បានធ្វើ​ឲ្យ​កីឡាករ Jonjoe Kenny ស៊ុត​បាល់​ចូល​ទី​របស់​ខ្លួនឯង​មួយគ្រា​ប់។

លោកគ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ដែល​ក្រុម​របស់លោក​បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ11នៅលើ​តារាង​ក្របខ័ណ្ឌ Premier League នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បានឃើញ​ក្រុម​មួយ​ក្នុង Leicester មាន​ស្មារតី​ប្រយុទ្ធ​ល្អ មានការ​រៀបចំ​ល្អ និង​មាន​សាមគ្គីភាព​ដ៏​រឹងមាំ»។ លោក Puel បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ទៅនឹង​ទម្រង់​លេង​របស់​កីឡាករ។

ខ្ញុំ​សង្ឃឹមថា វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​រឿង​មួយ​ប៉ុណ្ណោះ»។ ដោយឡែក ក្រុម Everton ក្រោម​ការដឹកនាំ​របស់​លោកគ្រូ​បង្វឹក​បណ្តោះអាសន្ន David Unsworth ក្រោយពី​ការបណ្តេញ​លោក Ronald Koeman កាលពី​ថ្ងៃ​ចន្ទ​នោះ នៅតែ​ស្ថិតក្នុង​តំបន់​កាត់ចោល​ដដែល។ បច្ចុប្បន្ន ក្រុម Leicester ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League រដូវ​កាល​ឆ្នាំ2015-2016 កត់ត្រា​ជ័យជម្នះ3លើកជាប់ៗគ្នា ក្នុង​ក្របខ័ណ្ឌ​កំពូល និង​ពាន Carabao Cup ដោយ​ជ័យជម្នះ​ពីរលើក​បានកើត​ឡើង​ក្រោម​ការដឹកនាំ​របស់លោក Michael Appleton និង1លើក​ទៀត​ក្រោម​ការដឹកនាំ​របស់លោក Puel៕

ប្រភពពី៖ BBC

Advertisement