មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ Messi នឹង​ធ្វើឱ្យ​គ្រប់គ្នា​ស្រែក​ជា​ថ្មី​ថា «អស្ចារ្យ»

Lionel Messi អាចបំបែក​កំណត់​ត្រា​បច្ចុប្បន្ន​របស់​ខ្លួន​​​មួយទៀត បើសិន​ទាត់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​នៅក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ​រវាង​អា​ហ្ស​ង់​ទីន និង​ប៉ា​ណា​ម៉ា​នាពេលខាងមុខ​នៅក្នុង​ក្របខណ្ឌ FIFA Day។

នៅក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ក្របខណ្ឌ FIFA Day ដែល​ជិត​មកដល់ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នឹងត្រូវ​ប៉ះ​ក្រុម​ប៉ា​ណា​ម៉ា ដែល​ខ្សោយ​ជាង​គ្រប់ផ្នែក ហើយ​នេះ​នឹង​ជា​ឧបសគ្គ​​ងាយស្រួល​បំផុត​ចំពោះ Albiceleste (ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន)។ Messi ក៏បាន​ត្រលប់​ទៅកាន់​អា​ហ្ស​ង់​ទីន​រួចហើយ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នេះ។

មួយរយៈ​ពេល​ខ្លី​ចុងក្រោយ​នេះ ស្ថានភាព​របស់ El Pulga នៅ​ក្លឹប PSG កំពុងតែ​ជួប​បញ្ហា​មួយចំនួន ក្នុងនោះ​មាន​តាំង​ពី​​កិច្ចព្រមព្រៀង​រវាង M10 និង PSG រហូតដល់​រឿង​អ្នកគាំទ្រ​បង្ហាញ​ប្រតិកម្ម​មិនល្អ​ចំពោះ​កំពូល​តារាបាល់ទាត់​រូបនេះ។

ក៏ប៉ុន្តែ នៅ​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​នាពេលខាងមុខ កំណត់ត្រា​ថ្មី​កំពុងតែ​រង់ចាំ Messi ហើយ​នេះ​គឺជា​ឱកាសល្អ​ដើម្បីឱ្យ M10 ស្ដារ​ស្ថានការណ៍​ឡើងវិញ។ ជាក់ស្ដែង Messi មាន​វ័យ 35 ឆ្នាំ រកបាន 701 គ្រាប់​ក្នុង​ក្របខណ្ឌ​ថ្នាក់​ក្លឹប និង 98 គ្រាប់​នៅ​ថ្នាក់​ជម្រើសជាតិ។ ដូច្នេះ នៅ​ខ្វះ​តែមួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ Messi នឹងមាន 800 គ្រាប់​ក្នុង​ដៃ។

ប៉ា​ណា​ម៉ា បច្ចុប្បន្ន​ត្រូវបាន​គេ​វាយតម្លៃ​យ៉ាង​ទាប​ស្ដីពី​សមត្ថភាព​គ្រប់ផ្នែក បើ​ធៀប​នឹង​អា​ហ្ស​ង់​ទីន។ យ៉ាងនេះ​ហើយ​ទើប​គ្រប់គ្នា​អាច​ព្យាករ​បាន​ថា គ្រាប់​បាល់​ទី 800 របស់ Messi នឹង​មិនមាន​ឧបសគ្គ​អ្វីមក​រារាំង​បាន​ឡើយ។

នៅពេល​គ្រាប់​បាល់​បាន​កើន​ដល់ 800 គ្រាប់ Lionel Messi ត្រូវ​ជាប់​ចំណាត់ថ្នាក់​លេខ​បី​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​កីឡាករ 10 នាក់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​នៅក្នុង​អាជីព។ បច្ចុប្បន្ន ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ កីឡាករ​ដែល​ឈរ​នៅ​លើ​​គេ​បង្អស់​គឺកំពូល​កីឡាករ​​របស់​ព័រទុយហ្កាល់ Cristiano Ronaldo ដោយ​រកបាន 828 គ្រាប់ និង​លេខ​ពីរ​គឺ 805 គ្រាប់​របស់​អតីត​កំពូល​កីឡាករ​របស់​ប្រទេស​អូទ្រីស Josef Bican ខណៈ​ដែល​លេខ​បី​បាន​ទៅលើ Lionel Messi ដោយ​រកបាន 799 គ្រាប់៕

Advertisement