ថ្វីបើ​ត្រូវបាន​ជម្រុះ​តាំងពី​ដំបូង U-20 ឥណ្ឌូណេស៊ី​នៅតែ​ទទួលបាន​ភារកិច្ច​ធំ​នៅ World Cup

ក្រុមបាល់ទាត់ U-20 ឥណ្ឌូណេស៊ី ត្រូវបាន​ប្រគល់​ភារកិច្ច​មួយចំនួន​នៅក្នុង​រដូវ​កាលបាល់​ទាត់​ U-20 World Cup នាពេលខាងមុខ។

នៅឯព្រឹត្តិការណ៍​បាល់ទាត់​ U-20 អាស៊ី 2023 ក្រុម​ជម្រើសជាតិ U-20 ឥណ្ឌូណេស៊ី​ត្រូវបាន​រំពឹង​ច្រើន​ពី​អ្នកគាំទ្រ​ក្នុងស្រុក។ ក៏ប៉ុន្តែ ជាក់ស្ដែង កូនសិស្ស និង​គ្រូបង្វឹក Shin Tae-yong ត្រូវ​ជួប​ឧបសគ្គ​ច្រើន នៅពេល​បាន​ចាញ់ U-20 អ៊ីរ៉ាក់​ក្នុងការ​ប្រកួត​ដំបូង។ U-20 ឥណ្ឌូណេស៊ី​ក៏​មិនអាច​បន្តដំណើរ​ទៅមុខ ក្រោយពី​ត្រូវ​អ៊ូ​សបេ​គី​ស្ថាន​យក​ស្មើ​នៅក្នុង​ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ។

ទោះជា​យ៉ាងនេះ​ក៏ដោយ U-20 ឥណ្ឌូណេស៊ី​នៅតែមាន​សិទ្ធិ​ឡើងទៅ​ទាត់​នៅ​ឯ U-20 World Cup 2023 ដោយសារតែ​ជា​ម្ចាស់ផ្ទះ។

ថ្មីៗនេះ លោក Erick Thohir ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី​បានកំណត់​គោលដៅ​ធំ​សម្រាប់​ក្រុម​ជម្រើសជាតិ U-20 ឥណ្ឌូណេស៊ី នោះ​គឺ «ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ឆ្លង​ឱ្យ​ផុត​វគ្គ​សន្សំ​ពិន្ទុ​នៅ U-20 World Cup Indonesia 2023 នាពេលខាងមុខ»។

ដូច្នេះ នៅមុន​ការ​មក​ដល់​របស់​ព្រឹត្តិការណ៍បាល់​ទាត់ FIFA U-20 World Cup Indonesia 2023 ក្រុម​បាល់​ទាត់​វ័យ​ក្រោម​ម្ភៃ​ឆ្នាំ​របស់​ឥណ្ឌូណេស៊ី​ ​នឹង​ហ្វឹកហាត់​រយៈពេល​យូរ ហើយ​ក្រោយមក គ្រូបង្វឹក Shin Tae-yong នឹង​ជ្រើសរើស​កីឡាករ​ដែលមាន​សក្ដានុពល​បំផុត​សម្រាប់​ឡើងទៅ​ប្រកួត​នៅ៕

Advertisement