U-20 World Cup 2023 កំណត់​បាន​ក្រុម​​ជម្រើស​ជាតិ​ទាំង 24 ដែល​ត្រូវ​ចូលរួម​ប្រកួត

ក្រុម​ U-20 របស់​អ៊ុយក្រែន ដណ្ដើម​បាន​ពាន​ FIFA U-20 World Cup 2019

វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ U-20 World Cup 2023 កំណត់​បាន​ក្រុម​ទាំង 24 ដែល​នឹងត្រូវ​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​លើក​នេះ ក្នុង​នោះ​មាន​ទាំង​​​​​តំណាង​ចំនួនបួន​របស់​ទ្វីបអាស៊ីផងដែរ​។

អាស៊ី​គឺជា​តំបន់​ចុងក្រោយ​ដែល​បាន​រកឃើញ​បណ្ដា​តំណាង​របស់ខ្លួន​ដែល​ត្រូវ​ទៅ​ចូលរួម​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ U-20 World Cup 2023។ ដោយសារ​ម្ចាស់ផ្ទះ U-20 ឥណ្ឌូណេស៊ី​មិនអាច​ឡើងដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ តំបន់​អាស៊ី​ក៏មាន​តែ 5 ក្រុម​ជម្រើសជាតិ​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​ចូលរួម World Cup ក្នុងនោះ​មានបួន​ក្រុម​ដែល​​បាន​ចូលដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ U-20 អាស៊ី 2023។

បួន​ក្រុម​ដែលជា​តំណាង​របស់​អាស៊ី ទៅ​ចូលរួម World Cup លើក​នេះ​ រួមមាន U-20 អ៊ីរ៉ាក់, អ៊ូស​បេ​គី​ស្ថាន, កូរ៉េខាងត្បូង និងជប៉ុន បន្ទាប់ពី​បានឈ្នះ​នៅ​វគ្គ 8 ក្រុម​ចុងក្រោយ​នាពេលថ្មីៗនេះ។ បួន​ក្រុម​ខាងលើ​នេះ​ រួម​នឹង ឥណ្ឌូណេស៊ី (ព្រោះ​ជា​ម្ចាស់ផ្ទះ) នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ U-20 World Cup 2023 ដែល​ធ្វើឡើង​ក្នុងអំឡុងពេល​ពី​ខែឧសភា ដល់​មិថុនា​ខាងមុខ។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​ 20 ឆ្នាំ ទាំង​ 24 ក្រុម​ ដែល​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ U-20 World Cup 2023

ទ្វីបអាស៊ី និង​អឺរ៉ុប គឺជា​តំបន់​ដែលមាន​តំណាង​ច្រើនជាងគេ​ចូលរួម​ប្រកួត​នៅ U-20 World Cup 2023។ តំបន់​អាម៉េរិក​ខាងត្បូង​មាន​បួន​ក្រុម​ត្រូវ​ចូលរួម គឺ U-20 ប្រេ​ស៊ី​ល, កូ​ឡុំ​ប៊ី, អេ​ក្វេ​ទ័​រ និង អ៊ុយ​រូ​ហ្កា​យ ខណៈដែល​តំបន់​អាម៉េរិក​កណ្ដាល និង​ខាង​ជើងមាន​បួន​ក្រុម​គឺ ដូ​មី​នី​ក, ក្វាតេម៉ាឡា, ហុងឌូ​រ៉ា​ស និង​សហរដ្ឋ​អាម៉េរិក។

តំបន់​អឺរ៉ុប​ដែលមានប្រាំ​ក្រុម​ត្រូវ​ចូលរួម U-20 World Cup 2023 រួមមាន អង់គ្លេស, បារាំង, អ៊ីស្រាអែល, អ៊ីតាលី និង ស្លូ​វ៉ា​គី។ ចំណែក U-20 អ៊ុយ​ក្រែ​ន​ដែលជា​ម្ចាស់​ជើងឯក U-20 World Cup 2019 មិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ។ នៅក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាលពី​បួន​ឆ្នាំមុន U-20 អ៊ុយ​ក្រែ​ន បាន​យកឈ្នះ​លើ U-20 ​កូរ៉េខាងត្បូង ​ក្នុង​លទ្ធផល 3-1។

ទ្វីបអាហ្វ្រិក​ដែល​មាន​បួន​ក្រុម​ត្រូវ​ចូលរួម​ប្រកួត​នៅ​ U-20 World Cup 2023 គឺ ហ្កំប៊ី, នីហ្សេ​រី​យ៉ា, សេ​ណេ​ហ្គា​ល់ និង ទុយនីស៊ី។ វគ្គ​ផ្ដាច់ព្រ័ត្រ​បស់ U-20 World Cup 2023 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 20 ឧសភា ដល់ 11 មិថុនា ឆ្នាំ 2023 នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ពិធី​ចាប់ឆ្នោត​ចែក​ពូ​ល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 31 មីនា 2023 ក្នុង​នោះ​ 24 ក្រុម​ត្រូវ​ចែកជា 6 ពូ​ល៕

Advertisement