Bristol City ជួប Man United ខណៈ Arsenal ជួប West Ham ក្នុង Carabao Cup

ការចាប់​ឆ្នោត​សម្រាប់​ការប្រកួត​ពាន Carabao Cup វគ្គ8ក្រុម​ចុងក្រោយ តម្រូវ​ឲ្យ​ក្រុម Bristol City ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Manchester United ក្រោយពី​បញ្ហា​បច្ចេកទេស​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ត្រូវ​រង់ចាំ​ជិត​រយៈពេល2ម៉ោង​ទើប​អាច​មើលឃើញ​ពី​ការផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម Twitter។

ស្របពេល​ជាមួយគ្នានេះ ក្រុម Arsenal នឹងត្រូវ​ជួប​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែម្តង គឺ​ក្រុម West Ham ខណៈដែល​ក្រុម Leicester City នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ខ្លាំង Manchester City ហើយ​ក្រុម Chelsea ត្រូវ​បើកទ្វារ​ទទួល​ក្រុម Bournemouth។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រោយពី​ការចេញ​សេចក្តីប្រកាស 4លើក​ដើម្បី​ពន្យល់​ពី​ការពន្យារ​ពេលនេះ ទីបំផុត​បណ្តាញ​សង្គម Twitter បានបង្ហាញ​ពី​រូបភាព​វីដេអូ​ដែល​ត្រូវបាន​គេ​ថត​ទុកជាមុន​រួចហើយ។

ទាំង​ក្របខ័ណ្ឌ​លី​ក​កីឡាបាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា EFL និង​បណ្តាញ​សង្គម Twitter បានធ្វើ​ការសុំ​អភ័យទោស​សម្រាប់​ការពន្យារពេល​រយៈពេល1ម៉ោង និង45នាទី​នេះ។ EFL បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «EFL បានទទួល​ការសុំ​អភ័យទោស​ពី​សំណាក់ Twitter នៅ​ចក្រភព​អង់គ្លេស សម្រាប់​ការពន្យារ​ពេលនេះ​ដែល​ត្រូវបាន​គេ​ជឿជាក់ថា បាន​កើតឡើង​ដោយសារតែ​កំហុស​បច្ចេកទេស។ EFL បានស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ​ដ៏​ពេញលេញ​មួយ​ទៅលើ​ព្រឹត្តិការណ៍ផ្សេងៗដែល​នាំ​ឲ្យ​មានការ​ពន្យារ​ពេលដែល​មិនអាច​ទទួលយកបាន​មួយ​នេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី18 ខែធ្នូ ខាងមុខ៕

ការចាប់​ឆ្នោត​សម្រាប់​ពាន League Cup វគ្គ8ក្រុមចុងក្រោយ

Chelsea vs Bournemouth
Arsenal vs West Ham
Leicester vs Manchester City
Bristol City vs Manchester United

ប្រភពពី៖ BBC

Advertisement