កីឡាករ​បារាំង Benzema បង្អួត​សមិទ្ធផល​ក្នុង​ឆ្នាំ 2022 ក្រោយ FIFA The Best បានបញ្ចប់

ខ្សែប្រយុទ្ធ Karim Benzema បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram នូវ​សមិទ្ធផល​ផ្ទាល់ខ្លួន និង​បណ្ដា​ពានរង្វាន់​រួម​ដែល​បានទទួល​ក្នុង​ឆ្នាំ 2022 បន្ទាប់ពី​ជាប់​ចំណាត់​ថ្នាក់ក្រោម Lionel Messi នៅ​ពានរង្វាន់ FIFA The Best។

កាលពី​ថ្ងៃទី 28 កុម្ភៈ គណនី Instagram @prime.benzi បាន​បង្ហោះ​អត្ថបទ​មួយ​ដែល​លើកឡើង​អំពី​សមិទ្ធផល​របស់ Benzema រាប់​ចាប់ពី​ខែសីហា 2021 រហូតដល់​បញ្ចប់​ដំណាក់កាល​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​សម្រាប់​ពានរង្វាន់ FIFA The Best 2022។

ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ Benzema បាន​ថត​អេក្រង់​ស្ដីពី​អត្ថបទ​ខាងលើ និង​បង្ហោះ​លើ Instagram Story របស់ខ្លួន។

អត្ថបទ​នេះ​លើកឡើងថា Benzema ស៊ុត​បញ្ចូល​ទី​បាន 63 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 21 គ្រាប់, ជា​ជើងឯក Champions League (អឺរ៉ុប), La Liga (អេ​ស្ប៉ា​ញ), Spanish Super Cup (អេ​ស្ប៉ា​ញ), UEFA Super Cup (អឺរ៉ុប), FIFA Club World Cup និង UEFA Nations League (បារាំង)។ គាត់​គឺជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​នៅ La Liga, Champions League,  Spanish Super Cup និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​នៅ La Liga, Champions League។

សមិទ្ធិផល​ក្នុង​ឆ្នាំ 2022 របស់ Karim Benzema

អំពី​ពានរង្វាន់​ផ្ទាល់ខ្លួន Benzema ដណ្ដើមបាន​ពានរង្វាន់​គ្រាប់​បាល់​មាស​ឆ្នាំ 2022, កីឡាករ​ឆ្នើម​បំផុត​នៅ UEFA 2021-2022, កីឡាករ​ឆ្នើម​បំផុត​នៅ La Liga, ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​នៅ La Liga និង​កីឡាករ​ឆ្នើម​បំផុត​នៅ La Liga ដែល​ជ្រើសរើស​ដោយ​អ្នកគាំទ្រ។ល។

ក៏ប៉ុន្តែ កីឡាករ​បារាំង Benzema ទទួល​បានតែ 34 ពិន្ទុ ឈរ​ពីក្រោយ Kylian Mbappe (44 ពិន្ទុ), និង Lionel Messi (52 ពិន្ទុ) នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​កីឡាករ​បាល់ទាត់​ផ្នែក​បុរស​ឆ្នើម​បំផុត​របស់ FIFA សម្រាប់​ឆ្នាំ 2022៕

Advertisement