Manchester United លើក​ពាន​ជា​លើកដំបូង​ក្រោយ «ដៃទទេ» ​ជាង​ពីរ​​ពាន់​ថ្ងៃ

(អង់គ្លេស) – ខ្សែបម្រើ Harry Maguire និង​ខ្សែបម្រើ Bruno Fernandes រួមគ្នា​លើក​ពាន League Cup នៅលើ​ទីលាន​បាល់ទាត់ Wembley កាលពី​ព្រលប់​ថ្ងៃទី 26 កុម្ភៈ បញ្ចប់​ស្ថានភាព​ដែល​ក្លឹប Manchester United គ្មាន​ពាន​ក្នុង​រយៈពេល​ជិត 6 ឆ្នាំ។

197 ថ្ងៃ រាប់​ចាប់ពី​ពេល​ចាញ់ Brentford 0-4 នៅ​លិ​គ​កំពូល​អង់គ្លេស​តាំងពី​តង់​ទីមួយ ក្រុម​ Man United ដណ្ដើមបាន​ពាន​ជា​លើកដំបូង​ក្នុង​រដូវ​កាល។ Fernandes និង Maguire រួមគ្នា​លើក​ពាន ដូច​ទៅនឹង Steve Bruce និង Bryan Robson ធ្លាប់​បានធ្វើ​ជាមួយនឹង​ពាន​លិ​គ​កំពូល​អង់គ្លេស​ក្នុងសម័យ Alex Ferguson កាលពី​ម្ភៃ​ឆ្នាំមុន។

អ្នក​លើក​ពាន​ខាងលើ​ចុងក្រោយ​គេ​គឺ​គ្រូបង្វឹក Erik Ten Hag។ ក្នុង​រយៈពេល​តែ​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ គ្រូបង្វឹក​រូបនេះ​បាន​ជួយ​​បញ្ចប់​ស្ថានភាព​គ្មាន​ពាន​ជិត 6 ឆ្នាំ​របស់​ក្លឹប​ Man Utd។ ក្រុម​បី​សាច​ក្រហម​បានឈ្នះ​ក្រុម Newcastle 2-0 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រោយពី​រកបាន 2 គ្រាប់​ក្នុង​តង់​ទីមួយ Man Utd ក៏​បន្ត «ចងជើង» Newcastle ​នៅ​តង់​ទី​ពីរ ធ្វើឱ្យគូប្រកួត​គ្មាន​ឱកាស​បង្ក​គ្រោះថ្នាក់។

បន្ទាប់ពី​ឡើង​ទទួលពាន​ជើងឯក​នៅលើ​វេទិកា កូនសិស្ស និង​គ្រូបង្វឹក Ten Hag ក៏​ចុះ​ទៅ​ទីលាន​ដើម្បី​អបអរសាទរ។ Fernandes និង Maguire នៅតែ​ជា​អ្នក​លើក​ពាន។ នេះ​គឺជា​ពាន League Cup ទី 6 ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប Manchester United នាំឱ្យ​ពួកគេ​ក្លាយជា​ក្រុម​ខ្លាំង​លំដាប់​ទី​បី​ បន្ទាប់ពី Liverpool និង Man City នៅលើ «សមរភូមិ» នេះ។ លើកចុងក្រោយ​ដែល Man Utd បាន​លើក​ពាន​គឺ​នៅ Europa League 2017 ក្នុងសម័យ Jose Mourinho៕

Advertisement