ក្លឹប PSG របស់បារាំង ស្វែង​រក​ទិញ​ «មេធ្មប់​អាហ្វ្រិក» ដើម្បី​បន្ថែម​ចំនួន​កីឡាករ​ឆ្នើម

យោងតាម​ប្រភពព័ត៌មាន​មួយចំនួន ក្លឹប​បាល់ទាត់​នៅ​បារី​ស PSG កំពុង​ចរចា​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​ជាងគេ​នៅ​អាហ្វ្រិក នោះ​គឺ Hakim Ziyech។

កីឡាករ​ខ្សែបម្រើ​រូបនេះ កំពុង​ថមថយ​កម្លាំង​ក្នុង​គ្រា​ទាត់​ឱ្យ​​ក្លឹប Chelsea ហើយ​អាច​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទិញដូរ​កីឡាករ​នា​រដូវរងា​ឆ្នាំនេះ។

វត្តមាន​របស់​កីឡាករ​ឆ្នើម​ដូចជា Mykhailo Mudryk, Joao Felix និង Noni Madueke ជាដើម ក៏​អាចធ្វើឱ្យ​ពេលវេលា​នៃ​ការប្រកួត​របស់ Ziyech ត្រូវ​បាន​កាត់បន្ថយ​បន្ថែមទៀត។ កីឡាករ​ដែល​ធ្លាប់​ត្រូវបាន​គេ​ហៅថា «មេ​ធ្មប់​អាហ្វ្រិក» រូបនេះ ទើបតែទាត់​បាន​ 4 ប្រកួត​ប៉ុណ្ណោះ​​ក្នុង​​នាម​ជា​កីឡាករ​ជម្រើស​ដំបូង​នៅ​ លី​គ​កំពូល​អង់គ្លេស (English Premier League) ក្នុង​រដូវ​កាល​នេះ។

Hakim Ziyech ហាក់​កំពុង​ថមថយ​កម្លាំង​ក្នុង​គ្រា​ទាត់​ឱ្យ​​ក្លឹប Chelsea

ព័ត៌មាន​ពី The Athletic ឱ្យដឹងថា PSG ចង់​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​ម៉ា​រ៉ុ​ក Hakim Ziyech ក្នុង​ទម្រង់​ឱ្យ​ខ្ចី ប៉ុន្តែ​អាច​អម​ជាមួយនឹង​លក្ខខណ្ឌ​ទិញ​ដាច់។ កីឡាករ​វ័យ 29 ឆ្នាំ​រូបនេះ​ក៏ត្រូវ​បាន​គេ​ជឿថា បាន​យល់ព្រមរួច​ហើយ​ក្នុង​ការ​​ផ្លាស់​ទី​ទៅ​ទាត់​ឱ្យ PSG សម្រាប់​​​ពេលវេលា​ដែល​នៅសល់​ក្នុង​​រដូវ​កាល​នេះ។

បច្ចុប្បន្ន PSG (Paris Saint-Germain) មាន​កីឡាករ​ឆ្នើម​លំដាប់​កំពូល​លើ​ពិភពលោក​មួយចំនួន រួម​មាន​ជា​អាទិ៍ Lionel Andres Messi, Neymar da Silva Santos Junior, Kylian Mbappe និង Achraf Hakimi Mouh ជា​ដើម​៕

Advertisement