AFF Cup 2022 – គ្រូបង្វឹក​មី​យ៉ាន់​ម៉ា ថា «វៀតណាម​លេង​មិនទាន់​បានល្អ»

(វៀតណាម) – យោងតាម​គ្រូបង្វឹក Antoine Hey ក្រុម​ជម្រើសជាតិ​វៀតណាម លេង​មិនទាន់​បានល្អ បើ​ទោះ​បាន​យកឈ្នះ​លើ មី​យ៉ាន់​ម៉ា 3-0 នៅ​ជុំ​ចុងក្រោយ​ក្នុង​ពូ​ល B នៅ AFF Cup 2022។

វៀតណាម ពិត​ជាមាន​ភាពលេច​ធ្លោ​នៅពេល​ទទួល​ក្រុម​របស់ មី​យ៉ាន់​ម៉ា លើ​ទីលាន My Dinh នៅ ហាណូយ កាលពី​ព្រលប់​ម្សិលមិញ។ ក្រុម​វៀតណាម គ្រប់គ្រង​បាល់​បាន 58% និង​ស៊ុត​ផ្ដាច់​បាន 20 លើក ក្នុងនោះ​មាន 6 លើក បាល់​ហោះ​ចំ​គោលដៅ។

វៀតណាម បាន​យកឈ្នះ​លើ មី​យ៉ាន់​ម៉ា ក្នុង​លទ្ធផល 3-0 ដោយ​ថ្វី​ជើ​ងរ​បស់ Nguyen Tien Linh និង Chau Ngoc Quang បន្ទាប់ពី​កីឡាករ Kyaw Zin Lwin របស់​ មីយ៉ាន់ម៉ា បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង។

ក៏ប៉ុន្តែ គ្រូបង្វឹក​របស់ មី​យ៉ាន់​ម៉ា លោក Antoine Hey យល់ថា «វៀតណាម លេង​មិនទាន់​បានល្អ​ពិតប្រាកដ​នៅឡើយ បើទោះជា​បានឈ្នះ 3-0។ ដំបូង ពួកគេ​ទាត់​មិនមាន​ស្ថិរភាព បែក​អារម្មណ៍។ ជាក់ស្ដែង វៀតណាម ត្រូវការ​កែលំអ​បន្ថែម​ទៀត ដើម្បី​អាច​លេង​បានល្អ​ជាង​នេះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ»។

បើទោះជា​លេង​មិនទាន់​បានល្អ ប៉ុន្តែ វៀតណាម នៅតែ​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ដោយ​ឈរលើ​កំពូល​តារាង​ពូ​ល B និង​មាន 10 ពិន្ទុ ដោយ​រកបាន 12 គ្រាប់ និង​មិនទាន់​ចាញ់ 1 គ្រាប់​ណា​ឡើយ។ ក្រុម​នេះ​នឹងត្រូវ​ប៉ះ ឥណ្ឌូណេស៊ី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ធ្វើជា​ភ្ញៀវ​នៅ​ថ្ងៃទី 06 មករា ហើយ 3 ថ្ងៃ​ក្រោយមក​ នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។ ចំណែក មី​យ៉ាន់​ម៉ា វិញ ត្រូវបាន​ជម្រុះ​ជា​ផ្លូវការ​ពី AFF Cup 2022៕

Advertisement