ក្លឹប​បាល់​ទាត់ Chelsea ប្ដេជ្ញា​ចិត្ត​ទិញ Enzo Fernandez មុនពេល​បិទ​ផ្សារ​រដូវរងា

កីឡាករអាហ្សង់ទីន Enzo Fernandez

ក្លឹប​បាល់ទាត់ Chelsea ត្រូវបាន​គេ​ជឿថា បាន «បើក​ឡើងវិញ» នូវ​ការចរចា​ជាមួយ​ក្លឹប Benfica ស្ដីពី​កិច្ចព្រមព្រៀង​​ប្រកប​ដោយ​សក្ដានុពល​សម្រាប់កីឡាករ​អាហ្សង់ទីន Enzo Fernandez។

ម្ចាស់​កម្មសិទ្ធិលើ​ក្លឹប Chelsea លោក Todd Boehly បាន​ចំណាយ​ប្រា​ក់ជាង 500 លាន​ផោន​សម្រាប់ទិញ​​កីឡាករ​ថ្មី 16 រូប រាប់​ចាប់តាំងពី​រដូវ​កាល​ទិញដូរ​កីឡាករ​ឆ្នាំ​កន្លង។

ខ្សែការពារ Malo Gusto អាយុ 19 ឆ្នាំ បាន​ក្លាយជា​កីឡាករ​បន្ថែម​ថ្មី​បំផុត​សម្រាប់​ក្រុម​របស់គ្រូបង្វឹក Graham Potter នៅ​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ដែលមាន​សុពលភាព​រហូត​ដល់​​ឆ្នាំ 2030 ក្រោយពី​ករណី​ទិញដូរ​តម្លៃ 31 លាន​ផោន​ពី Lyon។

កាលពីដើម​សប្ដាហ៍​នេះ មាន​ព័ត៌មាន​ថា Boehly មាន​ផែនការ​ចំណាយ​ប្រាក់​បន្ថែម​ដើម្បី​ដណ្ដើមយក​ខ្សែបម្រើ​ជនជាតិ​អា​ហ្ស​ង់​ទីន វ័យ 21 ឆ្នាំ កីឡាករ​ Fernandez។ សំណើ​របស់ Chelsea តម្លៃ 112 លាន​ផោន (ច្រើនជាង 6 លាន​ផោន​ធៀប​នឹង​សំណើ 105 លាន​ផោន​មុន​នោះ) ​ត្រូវបាន​បដិសេធ​ក្នុង​ខែ​នេះ។ ប្រការនេះ​ធ្វើឱ្យ​មនុស្ស​ជា​ច្រើ​ជឿថា Chelsea បាន​បោះ​បង់ការ​តាម​ចាប់យក​កីឡាករ Fernandez យ៉ាង​ឆាប់​ក៏​ត្រឹម​រដូវក្ដៅ​ខាងមុខ។

ក៏ប៉ុន្តែ ទំព័រ The Telegraph បានឱ្យដឹងថា ក្លឹប​ម្ចាស់​កីឡដ្ឋាន Stamford Bridge បានចាប់ផ្ដើម​ការ​ចរ​ចា​​ឡើងវិញ​ជាមួយនឹង Benfica នៅពេល​ពួកគេ​ប្ដេជ្ញាចិត្ត​​ទិញយក​សមាជិក​​ម្ចាស់​ពានរង្វាន់​ជើងឯក World Cup 2022 ឱ្យបាន​មុន​វេលា​ផុតកំណត់ ត្រឹម​ម៉ោង 23 ថ្ងៃទី 31 មករា 2023។

អ្នកជំនាញ​ខាង​ព័ត៌មាន​​ស្ដី​ពី​ការ​ទិញដូរ​កីឡាករ Fabrizio Romano ក៏​បាន​បង្ហោះ​សារ​លើ Twitter ថា «Chelsea បាន​វិល​ត្រលប់មក​ចរចា​ផ្ទាល់​ជាមួយ Benfica សម្រាប់ការ​ទិញដូរ​ Enzo Fernandez។ ពួកគេ​ចង់បាន​កីឡាករ​នេះ​តាម​គ្រប់​មធ្យោបាយ-Chelsea នឹង​ឱ្យ​ថ្លៃ 120 លាន​អឺរ៉ូ (105 ផោន​អង់គ្លេស)»។

លោក Fabrizio បន្ថែមថា «ប្រធាន Benfica លោក Rui Costa នៅតែ​មិនទាន់​មានបំណង​ទទួលយក ប៉ុន្តែ Chelsea នឹង​ប្ដេជ្ញាចិត្ត​បង្ហើយការ​ទិញដូរ​ឱ្យ​បាន​នៅពេលឥឡូវ»។

Fernandez ទើបតែ​ចេញពី River Plate និង​បាន​ចូល​ទាត់​ឱ្យ Benfica ចាប់ពី​រដូវក្ដៅ​ឆ្នាំ​កន្លង ហើយ​កិច្ចសន្យា​នៅមាន​សុពលភាព​រហូតដល់​ឆ្នាំ 2027។ Fernandez បាន​លេង​ពេញ​ពីរតង់​ក្នុងការ​ប្រកួត​ដែល Benfica ឈ្នះ Pacos Ferreira 2-0 កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង៕

Advertisement