ប្រធាន​ក្រុម​ជម្រើស​ជាតិ​ថៃ៖ ថៃ​នឹងឈ្នះ​វៀតណាម​​ពេល​ទាត់​លើ​ទីលាន​​នៅ​បាងកក

ប្រធានក្រុមកីឡាករថៃ Theerathon Bunmathan (លេខ 3)

ប្រធាន​ក្រុម​កីឡាករ​ថៃ Theerathon Bunmathan បាន​លើកទឹកចិត្ត​ក្រុម​របស់ខ្លួន​បន្ទាប់ពី​លទ្ធផល​នៃ​ការប្រកួត​ស្មើ 2-2 ជាមួយ​វៀតណាម នៅ​កីឡដ្ឋាន My Dinh កាលពី​ព្រលប់​ថ្ងៃទី 13 មករា។

ក្រោយពី​ការប្រកួត​ជើង​ដំបូង​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​កីឡាករ​ថៃ ក៏​ដើរ​ទៅកាន់​ខាងមុខ​​តំបន់​អ្នកគាំទ្រ​របស់ខ្លួន​ដើម្បី​ធ្វើការ​អរគុណ។ ក្រុម​ជម្រើសជាតិ​ថៃ ក្រោយមក​ក៏​ឈរ​ជា​រង្វង់​ដើម្បី​ស្ដាប់​ការចែករំលែក​របស់​ប្រធាន​ក្រុម Theerathon។

ខ្សែការពារ​កើត​ឆ្នាំ 1990 រូបនេះ​និយាយថា «…ការរកបាន 2 គ្រាប់​នៅលើ​ទីលាន​របស់​គូប្រកួត…គឺជា​លទ្ធផល​ល្អ។ កុំ​គិត​ច្រើន​ទៅលើ​ការ​ចាញ់​នៅ​នាទីចុងក្រោយ។ យើង​ត្រូវតែមាន​ជំនឿ​ចិត្ត។ ថៃ​នឹង​ដណ្ដើមបាន​ជើងឯក​នៅពេល​ត្រលប់​ទៅ​ទីលាន​ម្ចាស់ផ្ទះ»។

យោងតាម​លក្ខន្តិកៈ ថៃ​ត្រូវការ​តែ​ស្មើ 1-1 ឬ 0-0 ទៀត​ប៉ុណ្ណោះ​គឺ​ក្លាយជា​ជើងឯក AFF Cup 2022 ខណៈដែល​វៀតណាម​វិញ គឺ​ត្រូវតែ​ឈ្នះ ឬ​ស្មើ​ចាប់ពី 3-3 ឡើងទៅ។ បើសិន​នៅតែ​ស្មើ 2-2 ក្រោយ​ការប្រកួត 90 នាទី ថៃ និង​វៀតណាម​នឹងត្រូវ​ទាត់​តង់​បន្ថែម។

ដូច​ទៅនឹង​ការ​ព្យាករ ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពិតជា​គួរឱ្យ​ទស្សនា។ វៀតណាម​ចាប់ផ្ដើម​ការប្រកួត​បាន​យ៉ាង​ល្អ​ ដោយ​រកបាន 1 គ្រាប់​ដំបូង​នៅ​នាទី​ទី 24។ ចុង​តង់​ទីមួយ Theerathon ស៊ុត​ផ្ដាច់​ចំ​បង្គោល​ទី។ ចូលដល់​តង់​ទី​ពីរ ប្រធាន​ក្រុម​របស់​ថៃ បង្ក​ឱកាស​បាន​ពីរលើក​ដើម្បីឱ្យ Poramet Arjvirai និង Sarach Yooyen ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី 48 និង 63។ មកដល់​នាទី​ទី 87 ទើប​វៀតណាម​រកបាន​គ្រាប់​បាល់​ស្មើ 2-2 ដោយ​ថ្វី​ជើង​របស់​ខ្សែការពារ Vu Van Thanh។

ថៃ និង​វៀតណាម នឹងត្រូវ​ប្រកួត​ជើង​ទី​ពីរ​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 16 មករា លើ​ទីលាន​របស់​កីឡដ្ឋាន Thammasat ក្នុង​រាជធានី​បាងកក៕

អានបន្ថែម​៖ គ្រូបង្វឹក​របស់​ថៃ៖ «ស្មើវៀតណាម 2-2 ជាលទ្ធផល​ជិត​ល្អឥតខ្ចោះ​»

Advertisement