Phelps អបអរ​កុមា​រវ័យ 10ឆ្នាំ ដែល​បំបែក​កំណត់ត្រា​របស់គេ

តារា​ឆ្នើម​អូឡាំពិក Michael Phelps បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​អបអរ​ដល់ Clark Kent Apuada ក្រោយពី​កុមារា​វ័យ​ត្រឹមតែ 10ឆ្នាំ​រូបនេះ​បាន​បំបែក​កំណត់ត្រា​រយៈពេល​របស់​គេ​កាលពី​រូបគេ​ស្ថិតក្នុង​វ័យ 23ឆ្នាំ​លើ​វិញ្ញាសា​ហែល​ទឹក​បែប​មេអំបៅ​ចម្ងាយ 100ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Far West International Championship កាលពី​ចុង​សប្តាហ៍​កន្លងទៅថ្មីៗនេះ។ Phelps ម្ចាស់​មេដាយមាស​អូឡាំពិក23គ្រឿង​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «សូម​អបអរសាទរ​ដល់ clark kent សម្រាប់​ការ​បំបែក​កំណត់ត្រា​នេះ។ សូម​រក្សា​ការធ្វើ​បាន​នេះ​ឱ្យ​ល្អ និង​សុបិន​ឱ្យ​ធំ​ទៅមុខទៀត»។

Apuada បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ហែល​ទឹក​ចម្ងាយ 100ម៉ែត្រ កុមារ​អាយុ​ក្រោម 10ឆ្នាំ ដោយ​ប្រើពេល 1នាទី និង9:38វិ​នា ពោលគឺ​តិចជាង 1វិនាទី បើ​ធៀប​ទៅនឹង​ថិរវេលា​របស់ Phelps ក្នុង​ព្រឹត្តិការណ៍​ដូចគ្នានេះ​នៅ​រដ្ឋ California កាលពី​ឆ្នាំ1995។ Apuada ដែល​បាន​ហែល​ទឹក​ឱ្យ​ក្រុម Monterey County Aquatic Team ក្នុង​រដ្ឋ California បាន​ប្រកួត​ហែល​ទឹក​អស់​រយៈពេល 4ឆ្នាំ​មកហើយ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់​ពី​គ្រូបង្វឹក​របស់​កុមារា​ដ៏​ឆ្នើម​រូបនេះ។ ការបង្ហាញ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់គេ បានធ្វើឱ្យ​រូបគេ​បានទទួល​រហស្សនាម​ថា Superman។

ទាក់ទង​នឹង​កីឡាករ​វ័យក្មេង​ដ៏​ឆ្នើម​ម្នាក់នេះ រូបគេ​ក៏មាន​ជំនាញ​ផ្នែក​កុំ​ព្យូ​រ​ទ័​រ និង​វិទ្យាសាស្ត្រ​នៅ​សាលារៀន​របស់គេ និង​រៀន​សិល្បៈ​ក្បាច់គុណ ក៏ដូចជា​រៀន​ចុច​ព្យ៉ា​ណូ លោក Dia Riana ដែលជា​គ្រូបង្វឹក បាន​ប្រាប់​បណ្តាញសារព័ត៌មាន CNN ថា៖ «ក្មេង​នេះ មិន​ដូច​ក្មេង​ណា​ផ្សេង​ដែល​ខ្ញុំ​ធ្លាប់បាន​បង្រៀន​ឡើយ»៕

ប្រភពពី៖ Channel News Asia

Advertisement