AFF ចេញ​សេចក្ដី​ព្រមាន​សំខាន់បំផុតសម្រាប់​ក្រុម​​ជម្រើស​ជាតិ​​ថៃ និង​វៀតណាម នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ

ការ​ប្រកួត​រវាង វៀតណាម និង ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី 06 មករា 2023 មាន​បញ្ហា​ឈ្លោះ​ប្រកែក​គ្នា​ច្រើន​

សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ចេញ​សេចក្ដី​ព្រមាន​កម្រិត​ខ្ពស់ ទៅកាន់​កីឡាករ និង​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ថៃ និង​វៀតណាម នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022 (AFF Mitsubishi Electric Cup 2022)។

នៅសល់​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ជម្រើសជាតិ​ថៃ និង​វៀតណាម នៅ AFF Cup 2022 នឹងត្រូវ​បានធ្វើ​ឡើង។ ការប្រកួត​ជើង​ទីមួយ​រវាង​ក្រុម​ទាំងពីរ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 13 មករា 2023 លើ​វាលស្មៅ​របស់​កីឡដ្ឋាន My Dinh នៅ​វៀតណាម ហើយ 3 ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី 16 មករា ការប្រកួត​ជើង​ទី​ពីរ​នឹងធ្វើ​ឡើង​នៅឯ​កីឡដ្ឋាន Thammasat របស់​ថៃ។

នេះ​គឺជា​លើក​ដំបូង​ក្រោយ​រយៈពេល 14 ឆ្នាំ ដែល​អ្នកគាំទ្រ​នឹង​បាន​ទស្សនា​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ថៃ និង​វៀតណាម នៅ AFF Cup។ ឆ្នាំ 2008 ក្រុម​ជម្រើសជាតិ​វៀតណាម បាន​ផ្ដួល​ថៃ​ដោយ​លទ្ធផល 3-2 ដែល​ជួយ​ឱ្យ​វៀតណាម​ដណ្ដើមបាន​ជើងឯក​ជា​លើកដំបូង​នៅ AFF Cup។

មុន​ថ្ងៃ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ AFF Cup 2022 ក្រុម​វៀតណាម និង​ថៃ សុទ្ធតែ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​យ៉ាង​ម៉ត់ចត់។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​គឺថា ក្រុម​ទាំងពីរ​នឹងត្រូវ​ប្រកួត​យ៉ាង​ប្រុងប្រយ័ត្ន ក្រោយពី​មានការ​ព្រមាន​ថ្មី​បំផុត​ពី​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF)។

ថ្មីៗនេះ AFF បានប្រកាស​ព័ត៌មាន​ស្ដីពី​ការពិន័យ​នានា​សម្រាប់​ក្រុម​ដែល​នឹង​ចូល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022។ ជាក់ស្ដែង ក្រុម​ថៃ និង​វៀតណាម កំពុងមាន​កីឡាករ និង​គ្រូបង្វឹក​សរុប 10 នាក់ ប្រឈម​នឹង​ហានិភ័យ​អវត្តមាន​នៅក្នុង​ការប្រកួត​ដណ្ដើម​តំណែង​ជើងឯកនៅ​ថ្ងៃទី 16 មករា។

ក្នុងចំណោម 10 នាក់​ខាងលើ ក្រុម​ថៃ មាន​កីឡាករ 5 នាក់ និង​គ្រូបង្វឹក Mano Polking ផងដែរ ដែល​បានទទួល​កាត់​លឿង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈដែល​វៀតណាម មាន​កីឡាករ 4 នាក់​បានទទួល​កាត់​លឿង។

ដោយសារតែ AFF Cup 2022 បន្ត​អនុវត្ត​លក្ខន្តិកៈ «បូកសរុប​កាត​ពិន័យ​ចាប់ពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ» កីឡាករ និង​គ្រូបង្វឹក​ទាំង 10 រូប​​ខាងលើ នឹង​ត្រូវបាន​បញ្ឈរជើង ឬ​ហាម​ដឹកនាំ​ក្រុម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ​ដែល​នឹង​ប្រកួត​នៅ​ថ្ងៃទី 16 មករា​ខាងមុខ បើសិន​ទទួលបាន​កាត​លឿង 1 ទៀត​ក្នុង​ការប្រកួត​ជើង​ទីមួយ​នៅ​កីឡដ្ឋាន My Dinh របស់​វៀតណាម នៅ​ថ្ងៃទី 13 មករា​។

នេះ​គឺជា​ប្រការ​សំខាន់បំផុត​របស់​ក្រុម​ជម្រើសជាតិ​ថៃ និង​វៀតណាម នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ អវត្តមាន​កីឡាករ ឬ​គ្រូបង្វឹក​ណា​ម្នាក់ ក៏​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុម​របស់​ពួកគេ ដូច្នេះ កីឡាករ​របស់​ក្រុម​ទាំងពីរ និង​គ្រូបង្វឹក Polking សុទ្ធតែ​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត។

ជើង​ទី​មួយ​​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 នឹង​ត្រូវ​ប្រកួត​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 13 មករា 2023៕

Advertisement