​មូលហេតុ​ដែល​ឥណ្ឌូណេស៊ី​ចាញ់​វៀតណាម 2-0 នៅ AFF Cup 2022 កាលពី​ម្សិលមិញ

យោងតាម CNN Indonesia ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​គ្រូបង្វឹក Shin Tae-yong បាន​ជួបប្រទះ​បញ្ហាធំៗ​​ចំនួន 3 ដែលនាំឱ្យ​ពួកគេ​ត្រូវ​ចាញ់ 0-2 ក្នុង​ការ​ប្រកួត​​​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022។

«ដំបូង ក្រុម​ត្រូវគេ​នាំមុខ​ឆាប់​ពេក (នៅ​នាទី​ទី 3) បណ្ដាលឱ្យ​ផែនការ​ដំបូង​នានា​របស់​គ្រូបង្វឹក Shin ត្រូវ​ដួលរលំ» សារព័ត៌មាន​ឥណ្ឌូណេស៊ី បកស្រាយ​ដូច្នេះ ទាក់ទិន​នឹង​ការបរាជ័យ​របស់​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី កាលពី​ព្រលប់​ថ្ងៃទី 09 មករា។

ក្រោយ​ត្រូវគេ​នាំមុខ​នោះ CNN Indonesia បន្ថែម​ថា ឥណ្ឌូណេស៊ី ក៏មាន​បញ្ហា​ប្រកែក​គ្នា​​ជា​ច្រើន​លើក​ជា​មួយនឹង​​ក្រុម​វៀតណាម។ ភាពច្របូកច្របល់​ចាប់ផ្ដើម​កើតឡើង​ពី​ករណី​ប៉ះទង្គិច​គ្នា​រវាង​ខ្សែប្រយុទ្ធ Dendy Sulistyawan ជាមួយនឹង​ខ្សែបម្រើ Que Ngoc Hai នៅ​នាទី​ទី 22 ដោយ​កីឡាករ​ឥណ្ឌូណេស៊ី ជឿថា ខាង​វៀតណាម​លេង​ខូច។ ក្រោយ​នាទី​ខាងលើ ភាគី​ទាំងពីរ​ទទួលបាន​កាត​លឿង​ជា​បន្តបន្ទាប់ ដោយសារ​ការប៉ះទង្គិច​គ្នា។

ចូលដល់​តង់​ទី​ពីរ បញ្ហា​នៅ​តង់​ដំបូង​ក៏​កើតឡើង​ជាថ្មី​នៅពេល​សំណាញ់​ទី​របស់ ឥណ្ឌូណេស៊ី ត្រូវ​ប៉ើង​ម្ដងទៀត​នៅ​នាទី​ទី 47។ CNN Indonesia អះអាងថា «ពួកគេ​ពិតជា​ត្រូវ​អូសទាញ​ទៅក្នុង​ការឈ្លោះប្រកែក​គ្នា​ជាមួយ​វៀតណាម»។

យោងតាម​សារព័ត៌មាន​ឥណ្ឌូណេស៊ី បញ្ហា​ចុងក្រោយ​ដែលនាំឱ្យ​ក្រុម​ឥណ្ឌូណេស៊ី ចាញ់​វៀតណាម នោះ​គឺ​ភាព​ខ្សោយ​នៅ​ខ្សែប្រយុទ្ធ ព្រោះថា កូនសិស្ស​របស់លោក Shin មិនអាច​បង្ក​ការគំរាមកំហែង​ណាមួយ​ដល់ទី​របស់​ក្រុម​ម្ចាស់ផ្ទះ។

ដោយសារតែ​បញ្ហា​ទាំងនេះ ឥណ្ឌូណេស៊ី បាន​បរាជ័យ​នៅលើ​ទីលាន My Dinh របស់ វៀតណាម ព្រោះ​​ពួកគេ​មិនអាច​លេង​បានល្អ​ដូច​ការប្រកួត​ជើង​ទីមួយ​កាលពី 3 ថ្ងៃមុន​នៅ​កីឡដ្ឋាន Gelora Bung Karno។ ដូច្នេះ ជាថ្មី​ម្ដងទៀត ឥណ្ឌូណេស៊ី បាន​បាត់បង់​ឱកាស​ចាប់យក​តំណែង​ជើង​ឯ​ក AFF Cup៕

Advertisement