លោក Mourinho ថា Tottenham នឹងក្លាយជាគូប្រជែងដ៏ចម្បងសម្រាប់ពាន Premier League

លោក Jose Mourinho បានចាត់ទុក Tottenham ជាគូប្រជែងដ៏ខ្លាំងក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League នៅរដូវកាលខាងមុខនេះ និងបានធ្វើការប្រៀបធៀបការប្រជែងរបស់លោកនៅឯក្លិប Manchester United ទៅនឹងការប្រជែងដែលលោកធ្លាប់បានជួបប្រទះកាលពីមុនក្នុងពេលដឹកនាំក្លិប Real Madrid តាមរយៈការបញ្ជាក់ថា ក្លិបនេះ ត្រូវបានគេមើលរំលងទៅលើ «ការវិវឌ្ឍនៃកីឡាបាល់ទាត់» នៅពេលលោកបានចូលកាន់តំណែងជំនួសលោក Louis van Gaal កាលពីរដូវក្តៅមុន។

លោក Mourinho តែងតែបានឈ្នះពានជើងឯកក្នុងរាល់រដូវកាលទី២នៃអាជីពដឹកនាំរបស់លោក ប៉ុន្តែ គេជឿជាក់ថា ការសម្រេចបាននូវសមិទ្ធផលនេះម្តងទៀត នឹងក្លាយជារឿងដ៏លំបាកក្នុងយុទ្ធនាការខាងមុខនេះ។ គ្រូបង្វឹករូបនេះមានអារម្មណ៍ថា Man United គឺជាបេក្ខភាពក្នុងការប្រជែងដណ្តើមពានលីកជាលើកទី21របស់ពួកគេ ប៉ុន្តែបានចាត់ទុក Spurs គឺជាបេក្ខភាពដ៏ចម្បងពីព្រោះពួកគេបានរក្សាទុករាល់កីឡាករសំខាន់ៗទាំងអស់ លើកលើកលែងតែ Kyle Walker ម្នាក់ប៉ុណ្ណោះ។

ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានលក់ទៅឲ្យក្លិប Manchester City ពីព្រោះអ្នកជំនួសកន្លែងរបស់គេគឺកីឡាករ Kieran Trippier ក៏ជាតារាឆ្នើមផងដែរ។ នៅពេលដែលត្រូវបានចោទសួរឲ្យលោកធ្វើការប៉ាន់ប្រមាណទៅលើឱកាសរបស់លោកក្នុងការជួយឲ្យក្រុម Man United ក្លាយជាម្ចាស់ជើងឯកម្តងទៀតនោះ លោក Mourinho បានឆ្លើយថា៖ «ខ្ញុំគិតថា យើងមិនមែនជាបេក្ខភាពដ៏ធំឡើយសម្រាប់ការឈ្នះពាន ប៉ុន្តែយើងគ្រាន់តែជាបេក្ខភាពមួយប៉ុណ្ណោះ។

គ្រប់គ្នានិយាយអំពីទំហំនៃការបណ្តាក់ទុនលើកីឡាករថ្មីៗនៅឯ Man City ប៉ុន្តែមានក្រុមមួយផ្សេងទៀតដែលខ្ញុំមានអារម្មណ៍ថា ទំហំនៃការបណ្តាក់ទុនរបស់ពួកគេក៏ស្ថិតក្នុងកម្រិតអស្ចារ្យផងដែរ គឺ Tottenham។ ពួកគេរក្សាទុក Dele Alli, Harry Kane និង Toby Alderweireld ហើយពួកគេក៏ទុក Eric Dier ផងដែរ។ ពួកគេចង់ទុករាល់កីឡាករដែលពួកគេចង់ទុក»៕
ប្រភពពី៖ The Guardian

Advertisement