AFF Cup 2022 – ឥណ្ឌូណេស៊ី​ត្រូវ​ការ​តែ​លទ្ធផល​ស្មើ​ 1-1 ​ប៉ុណ្ណោះ គឺ​បាន​​ឡើង​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ 

ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម ចូលដល់​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជាមួយ ឥណ្ឌូណេស៊ី នៅ AFF Cup 2022 ក្នុងស្ថានភាព «​ត្រូវតែ​ឈ្នះ» បើសិន​ចង់​មានមុខ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​ដែល​នឹងត្រូវ​ប៉ះ​​ជា​មួយ​ក្រុម​វៀតណាម នៅ​ព្រលប់​ថ្ងៃទី 09 មករា 2023 នេះ ឥណ្ឌូណេស៊ី ត្រូវការ​តែ​ «លទ្ធផល​ស្មើ​ដោយមាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី» ​ប៉ុណ្ណោះ ​គឺ​នឹង​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈដែល​វៀតណាម ក៏​រំពឹងថា នឹងមាន​ប្រៀប​ជាង ដោយសារតែ​បានធ្វើ​ជា​ម្ចាស់ផ្ទះ។ ដូច្នេះ ការប្រកួត​នៅ​ព្រលប់​នេះ​ប្រាកដជា​គួរឱ្យ​ចាប់អារម្មណ៍។

មុន​ការប្រកួត​នេះ​មកដល់ មានមតិ​ជាច្រើន​និយាយថា វៀតណាម នឹង​រកបាន​មួយ​គ្រាប់​មុន​​ឥណ្ឌូណេស៊ី ព្រោះថា​មានតែ​វិធី​វាយលុក​រក​គ្រាប់​បាល់​បាន​មុននេះ​ទេ ទើប​ជួយ​ឱ្យ​វៀតណាម​អាចមាន​ប្រៀបជាង​​ក្នុងការ​យកឈ្នះ​លើ​គូប្រកួត។ នៅពេល​ត្រូវបាន​នាំមុខ 0-1 ឥណ្ឌូណេស៊ី​ប្រាកដជា​ត្រូវ​បង្កើន​ការ​រុល​ទៅ​ខាងលើដើម្បី​រក​គ្រាប់​បាល់​ស្មើ​ ធ្វើឱ្យ​វៀតណាម មានឱកាស​វាយបក​ប​ន្ថែ​ម​ទៀត ដែល​នេះ​គឺជា​ក្បាច់​ដែល​​គេ​ជឿថា នឹង​ត្រូវ​បាន​គ្រូបង្វឹក​ជន​ជាតិ​​កូរ៉េខាង​ត្បូង Park Hang Seo ​​របស់​ក្រុម​វៀតណាម ​ប្រើប្រាស់​នៅ​ព្រលប់​នេះ​។

លោក Shin Tae-yong (ឆ្វេង) ជា​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូងរបស់​ក្រុម​ឥណ្ឌូណេស៊ី និង​ Park Hang-seo ជា​ជន​ជាតិ​កូរ៉េខាងត្បូង គ្រូបង្វឹក​របស់​ក្រុម​វៀតណាម

ក្នុង​រយៈពេល 16 ឆ្នាំ​មកនេះ ក្រុម​ជម្រើសជាតិ​វៀតណាម ពុំ​ធ្លាប់បាន​យកឈ្នះ​លើ ឥណ្ឌូណេស៊ី ម្ដងណា​ឡើយ​នៅ AFF Cup។ ប៉ុន្តែ បើសិនជា​ចង់​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ វៀតណាម ត្រូវតែ​យកឈ្នះ​លើ​ឥណ្ឌូណេស៊ី ជាដាច់ខាត។ នេះ​ក៏​ជា​ឱកាស​ចុងក្រោយ​ដែល​គ្រូបង្វឹក​ Park Hang Seo ចង់​ដណ្ដើមបាន​ជោគជ័យ​បំផុត ក្រោយពី​បាន​ឆ្លង​ផុត​របត់​នានា​នៅពេល​ដណ្ដើមបាន​មេដាយមាស​នៅ SEA Games ដោយ​យកឈ្នះ​ថៃជា​លើក​ដំបូង​​ក្រោយ​រយៈពេល 10 ឆ្នាំ​ នៅក្នុង​ការប្រកួត​ផ្លូវការ​មួយ។

នៅ​វេលាម៉ោង​ 19 និង 30 នាទី​ព្រលប់​ថ្ងៃទី 09 មករា 2023 នេះ ឥណ្ឌូណេស៊ី នឹង​ប្រកួត​ជា​មួយ​វៀតណាម ក្នុង​​ជើង​ទីពីរ​នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដែល​នឹង​ធ្វើ​ឡើង​នៅ​លើទឹក​ដី​វៀតណាម។ នេះ​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​ ដើម្បី​​ដណ្ដើម​សំបុត្រ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ AFF Cup 2022៕

Advertisement